ក្រសួងកសិកម្ម ត្រៀមពូជស្រូវជិត២ពាន់តោន និងពូជដំណាំជិត២០តោន ដើម្បីចែកកសិករ ក្រោយទឹកជំនន់
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានត្រៀមពូជស្រូវជិត២ពាន់តោន និងពូជដំណាំរួមផ្សំជិត២០តោន ដើម្បីចែកកសិករបានដាំឡើងវិញ ក្រោយទឹកជំនន់។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ថា ក្រសួងកសិកម្ម បានត្រៀមពូជស្រូវ ចំនួន១៨០០តោន និងពូជដំណាំរួមផ្សំចំនួន១៦តោន ដើម្បីដាំដុះឡើងវិញ ក្រោយទឹកជំនន់ចាប់ផ្ដើមស្រក។ ឯកឧត្តមបន្តថា ក្រៅពីនេះ ក្រសួងកសិកម្មបានត្រៀមថវិកាមួយចំនួនផងដែរ ដើម្បីទិញពូជត្រីចែកឱ្យប្រជាកសិករបានចញ្ចឹមតាមតង់នីមួយៗ ក្នុងការផ្គត់ផ្គង់ជីវភាព និងបានលក់ចេញក្នុងរយៈពេលខ្លី គឺរយៈមួយខែឬពីរខែ ក្នុងស្ថានភាពទឹកកំពុងជន់លិចបែបនេះ ក្នុងនោះក្រសួងកសិកម្មមានមន្ត្រីជំនាញរង់ចាំជួយប្រជាកសិករនៅគ្រប់២៥រាជធានី.ខេត្តដើម្បីស្តារការដាំដុះដំណាំស្រូវ និងដំណាំរួមផ្សំឡើងវិញ ក្រោយទឹកជំនន់ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបន្តថា ក្នុងស្ថានភាពបែបនេះ ដំណាំស្រូវបានរងផលប៉ះពាល់ចំនួន១៨ខេត្ត ស្មើនឹង៨ម៉ឺន៥ពាន់ហិកតា ក្នុងនោះអាចនឹងខូចខាតប្រមាណ៤ឬ៥ពាន់ហិកតា។ ឯកឧត្តមបន្តថា ដំណាំស្រូវ ដែលកំពុងលេងខ្លួន បើលិចក្រោមរយៈពេល៥ថ្ងៃ ឬមួយសប្តាហ៍មិនប៉ះពាល់ទេ តែបើស្រូវផើមវិញ អាចនឹងរងការខូចខាត។ ចំណែកសត្វពាហនៈមានប្រមាណជាង៥ម៉ឺនក្បាល ត្រូវបានជួយស្វែងរកទីសុវត្ថិភាពសម្រាប់ខេត្តចំនួន៣គឺពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន ហើយក៍ពុំទាន់មានជំងឺកើតឡើងដល់សត្វពាហនៈនៅឡើយដែរ ព្រោះកន្លងមកបានចាក់វ៉ាក់សាំងការពារជំងឺអុតស្វាយម្តងរួចមកហើយ រីឯដំណាំរួមផ្សំវិញត្រូវខូចខាតទំាងអស់។
គួរបញ្ជាក់ថា បើយោងតាមការព្យាករណ៍របស់ក្រសួងធន់ធានទឹក បញ្ជាក់ថា នៅថ្ងៃទី១៨និង១៩តុលា កម្ពុជានឹងរងឥទ្ធិពលព្យុះម្តងទៀត ហើយឯកឧត្តម វេង សាខុន បានបញ្ជាក់ដែរថា វិស័យកសិកម្មនៅបន្តរងផលប៉ះពាល់ទៀត ដូចនេះសូមប្រជាកសិករត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត តាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីជំនាញ៕