លិខិតមិត្តអ្នកអាន៖ «ពេលពលរដ្ឋមានទុក្ខ មានមុខ ហ៊ុន សែន »
វាមិនមែនជារឿងចម្លែកទេដែល បុរសម្នាក់ឈ្មោះ ហ៊ុន សែន បាន បូជាជីវិតរបស់ខ្លួនជិត៥០ឆ្នាំហើយដើម្បីប្រទេសជាតិនិងប្រជាជនដ៏កំសត់របស់គាត់។ ក្រោយពីប្រើជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសឲ្យរួចផុតពីរបបវាលពិឃាតខ្មែរក្រហម ដោយសង្គ្រោះជីវិតពលរដ្ឋខ្មែរជាច្រើនលាននាក់ឲ្យរួចផុតពី សេចក្តីស្លាប់ បុរសម្នាក់នេះក៏នៅ បានបន្តយកទ្រូងពាំងការពារកុំឲ្យរបបដ៏សាហាវយង់ឃ្នងនេះវិលត្រឡប់មកវិញបានទៀត។
ទន្ទឹមនឹងនោះ គាត់ក៏ជាស្ថាបនិកកសាងសន្តិភាពជូនកម្ពុជាតាមរយៈទស្សនៈវិជ្ជា នយោបាយ«ឈ្នះឈ្នះ»រហូត ពលរដ្ឋខ្មែរបានស្គាល់សុខសន្តិភាពនិងភាពសម្បូរសប្បាយដូចសព្វថ្ងៃដែលមិនធ្លាប់កើតមានឡើយក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។
ទោះបីជាប្រទេសជាតិបានសុខ សន្តិភាព ប្រជាពលរដ្ឋបានសុខសប្បាយ និងមានជីវភាពធូរធាបែបនេះក៏ដោយ ក៏មេដឹកនាំខ្មែរម្នាក់នេះនៅតែជាបុគ្គលឈានមុខគេបង្អស់ក្នុងការការពារភាពសុខសានរបស់ ប្រជាជននិងខ្វល់ខ្វាយ ដោះស្រាយបញ្ហាជូនប្រជាជនជារៀងដរាប។
ជាក់ស្តែង ក៏ដូចជាលើកមុនៗដែរ នៅពេលដែលប្រទេសជាតិជួបគ្រោះធម្មជាតិទឹកជំនន់ដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរងផលប៉ះពាល់ គឺបុរសឈ្មោះ ហ៊ុន សែន ដដែលនេះដែលជាអ្នក ចេញមុខដោះស្រាយបញ្ហាគ្រប់យ៉ាងជូនប្រជាពលរដ្ឋ។ មិនថាថ្ងៃឬយប់ឡើយ គាត់តែង តែតាមដានសភាពការណ៍ជាប់ជាប្រចាំដោយមិនគិតពីពេល វេលាសម្រាកផ្ទាល់ខ្លួនឡើយ។
គឺមេដឹកនាំរូបនេះហើយដែលជាអ្នកបញ្ជាទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទឲ្យចេញធ្វើ សកម្មភាពតាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋចេញពីទឹកជំនន់។ គឺបុរសម្នាក់នេះហើយដែលជាអ្នកដឹកនាំបញ្ជាឲ្យប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុបដើម្បីជួយ សង្គ្រោះប្រជាពលរដ្ឋ។
គឺបុរសម្នាក់នេះហើយដែលសប្បុរសជនគ្រប់មជ្ឈដ្ឋានតែងតែមានការជឿជាក់និងទុកចិត្តបំផុតហើយផ្តល់នូវវិភាគទានជាថវិកា សម្ភារៈនិងស្បៀងដើម្បីយកទៅជួយប្រជាពលរដ្ឋជាទីស្រឡាញ់របស់ខ្លួនដោយមិនគិតអំពីនិន្នាការ នយោបាយ ។
គឺបុរសម្នាក់នេះហើយដែលតែងតែមូដៃអាវ លាត់ជើងខោ ដើរ លុយទឹកជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ គឺបុរសម្នាក់នេះហើយដែលតែងតែបង្ហាញក្តីស្រឡាញ់ ស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ អាជីវករ កសិករ កម្មករ កម្មការិនី ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រៀបដូចជាកូនចៅសាច់ឈាមរបស់ខ្លួន។
ចាប់តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ មេដឹកនាំខ្មែរឈ្មោះ ហ៊ុន សែន បានចេញមុខដោយមិនខ្លាចការ ប្រឈមជាមួយជំងឺ កូវីដ ១៩ ដើម្បីការពារប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាកុំឲ្យឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ។ គាត់គឺជាតួឯកដែលសារព័ត៌មានអន្តរជាតិនានាបានលើកទៅ និយាយដោយសារតែគាត់បាន បង្ហាញឲ្យពិភពលោកឃើញថា កម្ពុជាតូចមែនពិត តែកម្ពុជាមាន បេះដូងធំទូលាយដែលប្រទេសធំៗខ្លះធ្វើមិនបាន។
កម្ពុជាជាប្រទេសដែលអ្នកខ្លះមើលស្រាលថា មានប្រព័ន្ធសុខាភិបាលទន់ខ្សោយពិបាកក្នុងការទប់ទល់ជាមួយកូវីដ ១៩ ។ ប៉ុន្តែនៅទីបំផុត កម្ពុជាបានក្លាយជាគំរូដែលបណ្តាប្រទេសធំៗនិងជឿនលឿនត្រូវរៀនសូត្រតាមពីព្រោះរហូតមកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងតិចតួចបំផុត ហើយភាគច្រើនលើសលប់គឺជាករណីនាំចូលពីខាងក្រៅ។ ក្នុងចំណោមអ្នកឆ្លងទៀតសោតបសុទ្ធតែបានជាសះស្បើយឡើងវិញស្ទើរតែ ១០០% ដោយគ្មានពលរដ្ឋខ្មែរ ឬជនបរទេសណាម្នាក់ស្លាប់ដោយសារ កូវីដ ១៩ នៅក្នុងប្រទេសកម្ពុជាឡើយរហូត មកទល់ពេលនេះ។ នេះគឺជាលទ្ធផលនៃភាពប៉ិនប្រសប់របស់មេដឹកនាំខ្មែរឈ្មោះ ហ៊ុន សែន។
ក្រៅពីការទប់ទល់កុំឲ្យមានការឆ្លងរាលដាលចូលក្នុងសហគមន៍ នាយករដ្ឋមន្ត្រីខ្មែរឈ្មោះ ហ៊ុន សែន ក៏បានបញ្ចេញកញ្ចប់ថវិកា រាប់រយលានដុល្លារដើម្បីជួយដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីដែលទទួលរងផល ប៉ះពាល់ដោយសារកូវីដ ១៩ តាមរយៈការឧបត្ថម្ភសាច់ប្រាក់ ដើម្បីជួយសម្រាលជីវភាពរបស់ ពួកគេ។ មិនតែប៉ុណ្ណោះ បុរសឈ្មោះ ហ៊ុន សែន ក៏ជាអ្នក ចេញមុខបំផុសចលនា ប្រជាពលរដ្ឋឲ្យផ្លាស់ប្តូរឥរិយាបថ ប្តូរទម្លាប់ និងការងារ ក្នុងពេលកើតមាន កូវីដ ១៩ ដើម្បីដោះស្រាយជីវភាពរបស់ខ្លួនផងដែរ។
ដៃម្ខាងទប់ទល់កុំឲ្យកូវីដ ១៩ ឆ្លងចូលក្នុងសហគមន៍ ដៃម្ខាងទៀត ដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋ បញ្ហាសុខាភិបាលរហូតទទួលបាន ជោគជ័យគួរជាទីមោទនៈ។
ឥឡូវនេះ ដល់ពេលដែលត្រូវដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងទៀត។ តើនរណាដែលហត់នឿយដូចគាត់? តែគាត់ មិនដែលត្អូញត្អែរឡើយ។ តើនរណាដែលខ្វល់ខ្វាយពីសុខទុក្ខ របស់ពលរដ្ឋដូចរូបគាត់? តែគាត់ មិនដែលអួតអាងថាជាជើងឯកខាងសិទ្ធិមនុស្សឡើយ។ តើនរណាដែលហ៊ានយកជីវិតធ្វើជាដើមទុនដើម្បីប្រទេសជាតិ និងប្រជាជនដូចរូបគាត់? តែគាត់ មិនដែលអួតអាងថា ជា អ្នកស្នេហាជាតិឡើយ។ តើនរណាដែលហ៊ានចេញមុខការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិយ៉ាងប្តូរផ្តាច់ដូចគាត់? តែគាត់មិនដែលចាត់ទុកខ្លួនជាអ្នកស្រឡាញ់ជាតិជាងអ្នកដទៃឡើយ។
យើងសាកល្បងបែរភ្នែកក្រឡេកមើលក្រុមដែលអះអាងថា ជាអ្នកស្នេហាជាតិ ជាជើងឯកខាងប្រជាធិបតេយ្យ និងបិតា សិទ្ធិមនុស្សវិញម្តង ! តើពួកគេ នៅឯណាពេលដែល ប្រជាពលរដ្ឋខ្មែររងទុក្ខវេទនា ស្លាប់ស្ទើរផុតពូជក្នុងរបបប៉ុល ពត? តើពួកគេនៅឯណាពេលប្រជាពលរដ្ឋកំពុងប្រឈមមុខនឹងបញ្ហាកូវីដ ១៩? តើពួកគេ នៅឯណានៅពេលដែល ប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់? តើពួកគេបានធ្វើអ្វីខ្លះដើម្បីជួយ សម្រាលទុក្ខប្រជាពលរដ្ឋរងគ្រោះ?
ក្នុងស្ថានភាពលំបាកលំបិន បែបនេះ គេមិនដែលបានឃើញវត្តមានរបស់ក្រុមនោះចេញមុខជួយប្រជាពលរដ្ឋឡើយ គឺមានតែជួយជាន់ពន្លិច។
ពេលពលរដ្ឋខ្មែរជិតស្លាប់ក្នុងរបបខ្មែរក្រហម ពួកគេសម្ងំសោយសុខនៅឯបរទេស ឬអ្នកខ្លះបានរស់ដោយសារ ស្នាដៃគណបក្សប្រជាជនកម្ពុជា តែបែរជាធ្វើភ្លេចជាតិកំណើត។ ពេលពលរដ្ឋប្រឈមនឹងបញ្ហាកូវីដ ពួកគេបង្កើតព័ត៌មានក្លែងក្លាយដើម្បីបំភិតបំភ័យធ្វើ ឲ្យសង្គមជ្រួលច្របល់និងអង្គុយចាំបន្ទោស។ ពេលពលរដ្ឋរងគ្រោះដោយទឹកជំនន់ ពួកគេឈរឱបដៃមើលហើយស្រែក បន្ទោសអាជ្ញាធររដ្ឋាភិបាលរឿងទឹកលិច រឿងសំរាម និងរឿងខូចផ្លូវដោយសារទឹកជំនន់ ឬរឿងបាត់បង់ការងារខ្លះដោយសារកូវីដ ១៩។ ពួកគេយករូបថតនៅស្រុកគេមកបង្ហោះ ឬក៏យក
ឃ្លីបវីដេអូចាស់ដូចជាវិដេអូរបស់នាង ធី សុវណ្ណថាតាំងពីច្រើនឆ្នាំមកហើយនោះ មកបង្ហោះឡើងវីញដើម្បីបំភាន់និងបំពុលសង្គម។ គេក៏មិនដែលលឺក្រុមនោះប្រកូកប្រកាសរៃអង្គាសប្រាក់ ដើម្បីជួយប្រជាពលរដ្ឋរបស់ខ្លួនឡើយ តែបើរៃអង្គាសស្រោម សំបុត្រដើម្បីដាក់ហោប៉ៅផ្ទាល់ ខ្លួនក្រោមលេសនយោបាយ គឺពួកគេតែងតែធ្វើជាញឹកញាប់។ បើនិយាយអោយចំ គឺគ្មានជំនួយសូម្បីតែមួយកញ្ចប់ គ្មានថវិកា សូម្បីតែមួយរៀល គ្មានទឹកចិត្តសូម្បីតែប៉ុនសរសៃសក់ដើម្បីជួយប្រជាពលរដ្ឋឡើយ។ នេះហើយសារជាតិក្រុមប្រឆាំងជ្រុលនិយម។
សរុបមកវិញ មានតែមេដឹកនាំខ្មែរឈ្មោះ ហ៊ុន សែន ទេ ដែលជាអ្នកដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ជាពិសេសកាលៈទេសៈដ៏លំបាកដូចជា ពេលប្រជាពលរដ្ឋជួបបញ្ហាកូវីដ ១៩ និងបញ្ហាទឹកជំនន់ជាដើម។ គេអាចនិយាយបានថា«ពេលពលរដ្ឋមានទុក្ខ មានមុខហ៊ុន សែន»។ នេះគឺជាសច្ចៈភាពដែលគ្មាននរណាអាចប្រកែក បានឡើយ ហើយវាក៏ជាហេតុផលមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសក្នុងការគាំទ្រមេដឹកនាំដែលមិនចេះនឿយណាយក្នុងការជួយប្រជាពលរដ្ឋរូបនេះឲ្យដឹកនាំប្រទេសជារៀងរហូតមក និងបន្តដឹកនាំតទៅថ្ងៃមុខទៀត៕
ដោយ : អ្នកនយោបាយតុកាហ្វេ