ក្រពើមួយក្បាលទម្ងន់ជាង ៣០គីឡូក្រាម បានរួចពីកសិដ្ឋានមួយកន្លែង ក្នុងសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ
ភ្នំពេញ៖ ក្រពើមួយក្បាល ទម្ងន់ជាង ៣០គីឡូក្រាម បានរួចពីកសិដ្ឋានមួយកន្លែងនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ទីដែលកំពុងរងនូវការវាយប្រហារដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។
លោក សៅ ពន្លក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ព្រែកកំពិស បានប្រាប់ឲ្យដឹងថា ពិតជាមានករណីក្រពើមួយក្បាលទម្ងន់ជាង៣០គីឡូក្រាម រួចចេញពីទ្រង់ប្រាកដមែន កាលពីព្រឹកថ្ងៃទី១៥ ខែតុលា។
ក្រោយទទួលបានព័ត៌មាននេះ លោកចៅសង្កាត់ព្រែកកំពិស បានណែនាំដល់ប្រជាពលរដ្ឋមូលដ្ឋាន ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសកូនចៅតូចៗ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា កសិដ្ឋានចិញ្ចឹមក្រពើនេះ គឺជាកន្លែងដែលចិញ្ចឹមសត្វក្រពើយូរណាស់មកហើយ ដែលមានម្ចាស់កសិដ្ឋានឈ្មោះ កាំង ស្រៀន និងមានលិខិតអនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវ។ ក្នុងកសិដ្ឋាននោះចិញ្ចឹមក្រពើសរុបជាង១,០០០ក្បាល។
គួរជម្រាបថា មូលដ្ឋានសង្កាត់ចំនួន៥ ក្នុងខណ្ឌដង្កោ កំពុងរងនូវការវាយប្រហារយ៉ាងដំណំពីទឹកជំនន់ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើនរយនាក់ កំពុងធ្វើការសង្គ្រោះប្រជាពលរដ្ឋ និងជម្លៀសចេញពីលំនៅឋាន ដើម្បីទៅយកទីទួលសុវត្ថិភាព៕