សម្ដេចតេជោ ហ៊ុន សែន ៖ ក្នុងនាមយើងជាខ្មែរ ការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងសំខាន់បំផុត
ភ្នំពេញ៖ តាមរយៈសារនៅលើហ្វេសប៊ុកផ្លូវការ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេលនេះ ប្រជាពលរដ្ឋកម្ពុជានៅតាមបណ្ដាខេត្តក្រុងមួយចំនួនកំពុងរងគ្រោះដោយគ្រោះទឹកជំនន់ ដូច្នេះការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងសំខាន់បំផុតក្នុងនាមយើងជាខ្មែរ។
សម្ដេចតេជោបានថ្លែងអំណរគុណចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងម្លាំងប្រដាប់អាវុធទាំងអស់ និងកាកបាទក្រហមកម្ពុជា ដែលបានចេញប្រតិបត្តិការព្រមៗគ្នា ជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ សម្ដេចតេជោក៏បានថ្លែងអំណុរគុណដល់សប្បុរសជន និងវិស័យឯកជននានា ដែលបានចូលរួមថវិកា និងងសម្ភារៈប្រើប្រាស់ ចំណីអាហារផ្សេងៗ ជាបន្តបន្ទាប់ ជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់។
សម្ដេចតេជោបានមានប្រសាសន៍ដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជារស់នៅតាមបណ្ដាខេត្តក្រុងមួយចំនួនកំពុងរងគ្រោះដោយគ្រោះទឹកជំនន់ដែលធ្វើឲ្យជន់លិចផ្ទះសម្បែង និងបង្កការលំបាកក្នុងការរស់នៅ។ តែទោះជាយ៉ាងណាក៏ដោយការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងសំខាន់បំផុតក្នុងនាមយើងជាខ្មែរ។
សូមថ្លែងអំណរគុណចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព និងកោតសរសើរ ចំពោះសប្បុរសជននានា ដែលបានចូលរួមថវិកាជាបន្តបន្ទាប់ និងអរគុណដល់កាកបាទក្រហមកម្ពុជាដែលបានចេញយុទ្ធនាការក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ នឹងអរគុណវិស័យឯកជនដែលបានចូលរួមផ្ដល់ជូនជាទឹក សម្ភារៈប្រើប្រាស់ ជាចំណីអាហារផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ។
ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»៕