លោក ឆាយ សុផល ប្រកាសផ្ដល់ផ្ទះមួយខ្នង សម្រាប់ពលរដ្ឋរងគ្រោះស្នាក់នៅ អំឡុងទឹកជំនន់
ភ្នំពេញ៖ លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានប្រកាសផ្ដល់ផ្ទះជួលមួយនៅក្បែរវត្តសន្សំកុសល សម្រាប់ពលរដ្ឋរងគ្រោះស្នាក់នៅ ក្នុងអំឡុងទឹកជំនន់នេះ។
តាមរយៈហ្វេសប៊ុករបស់លោក ឆាយ សុផល បានឲ្យដឹងថា ផ្ទះមួយនេះស្ថិតនៅក្បែរវត្តសន្សំកុសល មាន៥បន្ទប់ នឹងអាចស្នាក់នៅបានលើសពី១០នាក់។ លោកថា ផ្ទះនេះលោកទុកសម្រាប់ជួលទេ តែពេលនេះមានបងប្អូនរងគ្រោះដោយទឹកជំនន់ ដូច្នេះលោកអាចឲ្យស្នាក់នៅរហូតដល់ទឹកជំនន់ស្រកអស់ទៅវិញ ។
លោក ឆាយ សុផល បានបន្តទៀតថា លោកផ្ដល់អាទិភាពមុនចំពោះគ្រួសារដែលមានកូនខ្មី ឬមានក្មេងតូចៗ ឯថ្លៃទឹក និងភ្លើងលោកជាអ្នករាប់រងទាំងអស់។
នេះគឺជាកាយវិកាមនុស្សធម៌មួយដែលគួរឲ្យគោរពពីមន្ត្រីរាជការក្នុងក្រសួង-ស្ថាប័នជាតិ ដោយមានទឹកចិត្តជួយដល់ពលរដ្ឋដែលកំពុងតែជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។
សូមបញ្ជាក់ថា ផ្ទះមួយនេះគឺស្ថិតនៅ ផ្ទះលេខ១៥៤ ផ្លូវ ១២ BT (ផ្លូវតាផុន) សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងអាចទំនាក់ទំនងទៅលោកដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ 017 535 535៕