គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោកជំទាវ ពេជ ចន្ទមុនី្ន  ចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ ១៣០០០គ្រួសារនៅក្នុងខេត្តពោធិ៍សាត់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០​ |
    លោកជំទាវ ពេជ ចន្ទមុនី្ន  ចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ ១៣០០០គ្រួសារនៅក្នុងខេត្តពោធិ៍សាត់ លោកជំទាវ ពេជ ចន្ទមុនី្ន  ចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ ១៣០០០គ្រួសារនៅក្នុងខេត្តពោធិ៍សាត់

    ពោធិ៍សាត់៖ ដោយមើលឃើញនៅទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលជួប​គ្រោះជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទក្ខ និងនាំយកអំណោយមនុស្សធម៌ជាច្រើន ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ចំនួន ១៣០០០ គ្រួសារ មកពី៨ឃុំ ស្ថិតនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយក្នុងនោះចែកចេញជា៣ទីតាំង ទីតាំងទី១ក្នុងវត្ត ទួលគូ ទី២វត្តដំរីស និងទីតាំងទី៣វត្ត កោះជុំ។ ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគ្នាក្នុងគ្រាមានអាសន្ន ដែលអំណោយទាំងអស់នោះ រួមមាន៖ អង្ករ២៥គីឡូក្រាម,ទឹកបរិសុទ្ធ២កេស, ត្រីខ២០កំប៉ុង ភួយ១ សារ៉ុង១ ថ្នាំពេទ្យ១កញ្ចប់ និងថវិកា១០ម៉ឺនរៀល។

    ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវបានពាំនាំប្រសាសន៍របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយទាំងអស់ ដែលបាននាំយកអំណោយទាំងនេះ មកឧបត្ថម្ភដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ជាពិសេសប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅតាមបណ្តាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា។ ឆ្លើយតបនឹងគ្រោះទឹកជំនន់ ដែលកំពុងយាយីនាពេលបច្ចុប្បន្ននេះ លោកជំទាវ បានថ្លែងអំណគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងប្រើប្រាស់ នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យរួចផុតពីគ្រោះថ្នាក់ និងទៅដល់ទីទួលសុវត្ថិភាព។ ក្រៅពីការជួយសង្គ្រោះប្រជាពលរដ្ឋដល់ទីទួលសុវត្ថិភាព ដែលមានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត បានធ្វើការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិន ឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ ។ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារ ៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ និងសូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី សូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម និងគ្រុនឈីក។

    ប្រជាពលរដ្ឋដែលទទួលបាននូវអំណោយមនុស្សធម៌ទាំងនេះ ម្នាក់ៗបានថ្លែងអំណគុណយ៉ាងជ្រាវជ្រៅចំពោះម្នាស់អំណោយ ដែលបានជួយសម្រាល ក្នុងជីវភាពរបស់ពួកគាត់ ដែលកំពុងតែមានការលិចលុង ពីគ្រោះទឹកជំនន់នេះ។

    ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់បានថ្លែង​អំណរគុណ​ចំពោះ​ទឹក​ចិត្ត​សប្បុរសធម៌ដ៏​ថ្លៃថ្លានេះ ស្តែងឲ្យឃើញ​អំពីការជួយគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋដោយ​ឈរ​​លើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នាទៅវិញទៅមក នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនូវគ្រោះធម្មជាតិ។

    ជាមួយគ្នានេះលោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្តៀង បានអោយដឹងថាក្នុងស្រុកកណ្តៀងនេះមាន៩ឃុំ ក្នុងនោះ៨ឃុំបានលិចលុង ដែលធ្វើអោយប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរហូតដល់ ១០៦៣៤ គ្រួសារ និងហេដ្ឋារចនាសម្ព័ន្ឋមួយចំនួន។

    សូមជម្រាបផងដែរថានៅក្នុងឱកាសនោះ លោកជំទាវ  បានដឹកនាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ មកពិនិត្យពិគ្រោះជម្ងឺទូទៅ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។ លើសពីនោះបើប្រពលរដ្ឋណាមានជំងឺធ្ងន់ធរក្រុមការងារនិងទទួលយកមកព្យាបាលជូននៅភ្នំពេញដោយអត់គិតថ្លៃ៕

     

    អត្ថបទទាក់ទង