សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចែកអំណោយជូនពលរដ្ឋ ២ម៉ឺនគ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នឹងអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ ២ម៉ឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ។
សូមជំរាបជូនថា នៅថ្ងៃទី២១តុលា ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងចែកអំណោយជូនប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារ និងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នឹងចែកជូនប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារទៀត ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នឹងត្រូវធ្វើឡើង ៖
*នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០៖
– ម៉ោង៦ព្រឹក ស្ថិតក្នុងបរិវេណចំណុចទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី
– ម៉ោង៨ព្រឹក ស្ថិតផ្សារធំថ្មី បូរីជ័យII ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
*នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០៖
– ម៉ោង៦ព្រឹក ស្ថិតក្នុងបរិវេណផ្សារហង្ស ស៊ីផា ភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក
– ម៉ោង៨ព្រឹក ស្ថិតក្នុងបរិវេណខាងជើងរង្វង់មូលផ្លូវជាតិលេខ៥៨ ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត
សូមបញ្ជាក់ថា សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបំពេញបេសកកម្ម នៅខេត្តបន្ទាយមានជ័យ រយៈពេល២ថ្ងៃ គឺថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២០ ហើយនឹងត្រឡប់មកចូលរួមដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០៕