កងពលតូចលេខ៧០ ដឹកនាំកម្លាំងចុះជួយដឹកជញ្ជូនពលរដ្ឋជិត ៧០០នាក់ ចូលយកសម្ភារៈពីផ្ទះរបស់ពួកគាត់ដែលរងការលិចលង់
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ កងកម្លាំងសង្គ្រោះរបស់កងពលតូចលេខ៧០ បានជួយដឹកជញ្ជូនប្រជាពលរដ្ឋ និងកម្មកររោងចក្រចំនួន ៦៩២នាក់ ដើម្បីចូលទៅយកសម្ភារៈរបស់ខ្លួនពីក្នុងផ្ទះ និងរោងចក្រ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈទឹកបានស្រកអស់ជាច្រើននោះ។
លោកឧត្ដមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលទទួលគ្រប់គ្រង់កងសង្គ្រោះបានមានប្រសាសន៍ថា សម្រាប់ថ្ងៃទី២៤តុលានេះ នៅផ្សារព្រែកជ្រៃបានដឹកជញ្ជូនចំនួន ៨២ដង ស្មើ នឹងប្រជាពលរដ្ឋចំនួន ៦៩២នាក់។ ប្រតិបត្តិការជួយដឹកជញ្ជូននេះដែរ ធ្វើឡើងដោយបានប្រើប្រាស់ អូប័រ ចំនួន ១០គ្រឿង និងកម្លាំងប្រមាណ១០០នាក់។
សូមជម្រាបជូនថា កងកម្លាំងរបស់កងពលតូចលេខ៧០ មិនត្រឹមតែជួយប្រជាពលរដ្ឋក្នុងពេលមានទឹកជំនន់នេះទេ គឺកន្លងមកកងកម្លាំងបានចុះបេសកកម្មការពារថ្នាក់នាំ បានទៅជួយសង្រ្គោះពន្លត់អគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ និងបានចូលរួមការងារមនុស្សធម៌ជាច្រើនទៀតផងដែរ។ ជាពិសេស លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពល តូចលេខ៧០ តែងតែយកចិត្តទុកដាក់ និងសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ហើយក៏បានដាក់បទបញ្ជាភ្លាមៗ នៅពេលប្រជាពលរដ្ឋមានបញ្ហា ដើម្បីដោះស្រាយការលំបាកទាំងនោះ ជូនដល់ ពួកគាត់បានទាន់ពេលវេលា៕