សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះអគ្គិភ័យថ្ងៃសែនក្បាលទឹក និងបង្កើនអនាម័យ កុំឲ្យឆ្លងជំងឺកូវីដ១៩
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី០២កញ្ញានេះ បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យដែលអាចបណ្ដាលមកពីការធ្វេសប្រហែសដុតធូបទៀនក្នុងឱកាសពិធីសែនក្បាលទឹក និងរក្សាអនាម័យក្នុងការរស់នៅជានិច្ចកុំឲ្យឆ្លងជំងឺកូវីដ១៩។
ខាងក្រោមនេះជា សំណេរទាំងស្រុងរបស់សម្ដេចតេជោ ដែលបានបង្ហោះនៅលើបណ្ដាញសង្គមFacebook នៅថ្ងៃនេះ៖
សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
តាមទំនៀមទម្លាប់ប្រពៃណីបងប្អូនខ្មែរចិន ថ្ងៃនេះគឺជាថ្ងៃសែនក្បាលទឹក ។
នៅពេលប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ គឺបានបង្កលក្ខណៈកាន់តែងាយស្រួលអោយបងប្អូនប្រជាពលរដ្ឋមានឱកាសប្រារព្ធពិធីបុណ្យទានតូចធំទៅតាមជំនឿ និងទំនៀមទម្លាប់ប្រពៃណីសាសនារៀងៗខ្លួនដោយសេរី ។
ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការធ្វេសប្រហែសដុតធូបទៀនក្នុងឱកាសពិធីសែនក្បាលទឹកនេះ ។
ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋមានអនាម័យក្នុងការរស់នៅ ហើយមើលថែការពារសុខភាពជាប់ជានិច្ចកុំអោយឆ្លងជម្ងឺកូវីដ-១៩ អោយសោះ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬ អាល់កុល និងពាក់ម៉ាសក្នុងពេលចាំបាច់។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រើន និងលាភសំណាងគ្រប់ៗគ្នាកុំបីខាន។
អរគុណសន្តិភាព