ក្រសួងយុត្តិធម៌ ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតចំនួន ៦៨៥នាក់ ក្នុងងឱកាសពិធីបុណ្យអុំទូក
ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស ដឹកនាំកិច្ចប្រជុំពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតដើម្បី គោរពស្នើសុំសម្តេចតេជោនាយករដ្ឋមន្រ្តី ក្រាបបង្គំទួលថ្វាយព្រះមហាក្សត្រផ្តល់ការបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃ៣០-៣១ តុលា និង ថ្ងៃ០១ វិច្ឆិកា ២០២០។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន តំណាងក្រសួងមហាផ្ទៃ (រួមទាំងតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធនាគារ) តំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងតំណាងទីស្ដីការគណៈរដ្ឋមន្ត្រី។
ឯកឧត្ដម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ឲ្យដឹងថា គណៈកម្មការថ្នាក់ជាតិបានទទួលសំណុំឯកសារពីបណ្ដាពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៤ និងមណ្ឌលអប់រំកែប្រែទាំង ៤ ដែលស្នើសុំផ្ដល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ១០៨៦នាក់(ស្រី ៧៦នាក់) ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បន្តថា កិច្ចប្រជុំបានសម្រេចគោរពស្នើសុំទៅសម្តេចនាយករដ្ឋមន្ត្រី ដើម្បីទូលថ្វាយព្រះមហាក្សត្រផ្តល់ភាពអនុគ្រោះទោសដល់ទណ្ឌិតសរុប ៦៩៥ នាក់ (ស្រី ៦៥ នាក់) រួមមាន៖
-ស្នើសុំបន្ថយទោសមួយជីវិតមកនៅ២០ឆ្នាំ ចំនួន ០៥នាក់ (ស្រី ០០នាក់)
-ស្នើសុំលើកលែងទោស ចំនួន ១៩ នាក់ (ស្រី ០៦នាក់) (ទណ្ឌិតដែលមានជម្ងឺរាំរ៉ៃ ចាស់ជរា…)
-ស្នើសុំបន្ធូរបន្ថយទោស ១២ខែ ចំនួន ៩២ នាក់ (ស្រី ១០នាក់)
-ស្នើសុំបន្ធូរបន្ថយទោស ៩ខែ ចំនួន ៩៥ នាក់ (ស្រី ០៨នាក់)
-ស្នើសុំបន្ធូរបន្ថយទោស ៦ខែ ចំនួន ៤៨៤ នាក់ (ស្រី ៤១ នាក់) ។