អ្នកការទូតកម្ពុជា និងបុគ្គលិក សរុប៤នាក់ នៅស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង ធ្វើតេស្តវិជ្ជមានកូវីដ១៩
នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកាសថា មានករណីវិជ្ជមានលើមន្ត្រីបុគ្គលិកនៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង សរុប ៤នាក់បានធ្វើតេស្តឃើញថាវិជ្ជមានវីរុសកូវីដ១៩។
ក្រសួងការបរទេស ឲ្យដឹងថា អ្នកការទូតកម្ពុជាចំនួន ២នាក់ និងបុគ្គលិកក្នុងស្រុកចំនួន ២នាក់ នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានធ្វើតេស្តសំណាកទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។
ក្រោយពួកគាត់ទាំង៤នាក់ បានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យបារាំងរួចមក ពេលនេះពួកគាត់កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលទាន់ថ្នាំតាមវេជ្ជបញ្ជា។ ក្រៅពីនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស ក៏កំពុងរង់ចាំលទ្ធផលរបស់បុគ្គលិកក្នុងស្រុកម្នាក់ទៀត នៅថ្ងៃនេះ(ថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០)។ ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងប៉ារីស នឹងបន្តដំណើរការជាប្រក្រតីតាមប្រព័ន្ធព័ត៌មានវិទ្យា។
ក្រសួងការបរទេសបានបញ្ជាក់ដែរថា ស្ថានទូតនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមយយអាជ្ញាធរសុខាភិបាលបារាំង ដើម្បីតាមដានការវិវត្តនៃជំងឺរបស់អ្នកការទូតកម្ពុជា និងបុគ្គលិកក្នុងស្រុក ទាំង៤នាក់ខាងលើង ដោយយកចិត្តទុកដាក់បំផុត៕