ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងការកោតសរសើរកងកម្លាំងទិសយោធភូមិភាគទី៥ អនុវត្តកិច្ចការអាទិភាពចាំបាច់ជាច្រើនបានទាន់ពេលវេលា
បន្ទាយមានជ័យ៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៥ ដែលអនុវត្តបានភារកិច្ចស្នូល និងកិច្ចការអាទិភាពចាំបាច់ជាច្រើនបានទាន់ពេលវេលា។
ក្នុងពិធីចែកអាវរងារជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ កាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងរយៈកាលមួយឆ្នាំកន្លងមកនេះ កងកម្លាំងទាំងអស់ប្រចំាទិសយោធភូមិភាគទី៥ បានចូលរួមក្នុងកិច្ចការអាទិភាពចាំបាច់ជាច្រើនដូចជា ការការពារនូវចលនាប៉ុនប៉ងបំផ្លិចបំផ្លាញសុខសន្តិភាព និងស្ថិរភាពសង្គមរបស់អ្នកនយោបាយជ្រុលនិយមមួយចំនួន, ការចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់នូវជំងឺរាតត្បាតកូវីដ១៩ ព្រមទាំងបានដើរតួរនាទីសំខាន់ក្នុងការប្រតិបត្តិការរហ័សដល់ការជួយប្រជាពលរដ្ឋក្នុងពេលមានគ្រោះទឹកជំនន់កន្លងមកក្នុងខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ បន្ថែមលើកិច្ចការស្នូលរបស់ខ្លួនដែលជាការងារការពារបូរណភាពទឹកដី និងការចូលរួមជាប្រចំាក្នុងការការពារសុខសន្តិភាព ធានាបានស្ថិរភាព និងសន្តិសុខ តាមបណ្តោយព្រំដែន។
ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពាំនាំការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទំាងពីរតែងគិតគូរអំពីសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមគ្រួសារ ព្រមទាំងអតីតយោធិនរបស់យើង។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បានអំពាវនាវដល់កងកម្លាំងទាំងអស់ចូលរួមអនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការបន្តកិច្ចការពារ និងប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺរាតត្បាតកូវីដ១៩ ដោយអនុវត្តទៅតាមវិធានការសុខាភិបាលនានាជាប្រចាំ ដើម្បីបន្តធានាបាននូវសុវត្ថិភាពរបស់បុគ្គលខ្លួនឯងក៏ដូចជាក្រុមគ្រួសារ ព្រមទាំងអង្គភាពទាំងមូល។ សូមមេត្តាបន្តយកចិត្តទុកដាក់ក្នុងការចូលរួមជួយស្តារទ្បើងវិញនូវហេដ្ឋាចរនាសម្ព័ន្ធ និងការត្រៀមខ្លួនជាស្រេចក្នុងការបង្ការ និងឆ្លើយតបគ្រោះមហន្តរាយនានា។
ជានេះទៅទៀត ឯកឧត្ដម ឧត្ដមសេនីយ៍ឯ បានក្រើនរំលឹកកងកម្លាំងទាំងអស់ បន្តនូវស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព ព្រមទាំងប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងនានាក្នុងការបំផ្លាញសន្តិភាពដ៏ពេញលេញ ដែលរាមច្បងជំនាន់មុនបានកសាងយ៉ាងលំបាកទម្រាំបានបន្សល់មកដល់យើងក្នុងពេលបច្ចុប្បន្ន ដូច្នេះយើងមានភារកិច្ចបន្តការកសាងសុខសន្តិភាពនេះតទៅមុខ ដើម្បីទុកជាកេរ្តិ៍ដំណែលឱ្យកូនចៅជំនាន់ក្រោយៗរបស់យើងទៀត ដោយឈរលើស្មារតីតបស្នងសងគុណដល់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល ដែលបានផ្តល់នូវឱកាស និងសេចក្តីទុកចិត្តដល់យើង៕