សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លើកទឹកចិត្តដល់កុមារក្រីក្រ ៣នាក់ ដែល ចូលរួមក្នុងការប្រណាំងកង់នៅព្រែកលាភ
ភ្នំពេញ៖ ដោយក្ដីអាណិតអាសូរ និងមើលឃើញពីការតស៊ូក្នុងជីវិត នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឲ្យសហការីចុះសួរសុខទុក្ខ និងលើកទឹកចិត្ត ព្រមទាំងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនកុមារ ៣នាក់ រស់នៅក្នុងគ្រួសារក្រីក្រ បានចូលរួមប្រកួតកីឡាប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
កុមារទាំង៣នាក់នោះរស់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានឈ្មោះ ៖ ១. ពេជ្រ ធារ៉ា អាយុ ១៣ឆ្នាំ, ២. សុវណ្ណ សាលី អាយុ ១៤ឆ្នាំ, ៣. ឈិន ភារម្យ អាយុ ៩ឆ្នាំ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងកោតសរសើរចំពោះការតស៊ូរបស់កុមារទាំង ៣នាក់ ខាងលើនេះដែលមានឆន្ទៈស្រឡាញ់កីឡាហើយហ៊ានចូលរួមប្រកួតដោយមិនមានកង់ថ្មីៗដូចកុមារដទៃ។ ជាមួយគ្នានេះ លោកជំទាវ បានពាំនាំនូវការលើកទឹកចិត្តពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់កុមារទាំង៣នាក់ ដែលមានចិត្តស្រឡាញ់វិស័យកីឡា ដែលនេះអាចយកធ្វើជាគំរូដល់កុមារ និងយុវជនដទៃទៀត ប្រសើរជាងការប្រព្រឹត្តគ្រឿងញៀន ល្បែងស៊ីសង ឬទង្វើទាំងឡាយណាដែលសង្គមស្អប់ខ្ពើម។ ទន្ទឹមនឹងនេះ សូមក្មួយៗត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែដើម្បីអនាគតភ្លឺស្វាង ចំណែកឯអាណាព្យាបាលត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀត ដើម្បីជីវភាពគ្រួសាររុងរឿង។
កុមារទាំង៣នាក់ខាងលើនេះ និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានលើកទឹកចិត្ត និងផ្តល់ការសន្តោសប្រណី ហើយពួកគេបានប្តេជ្ញាអនុវត្តតាមការទូន្មានរបស់មាតាមនុស្សធម៌ ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ធ្វើជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គម។
ដើម្បីជួយសម្រាលផ្នែកជីវភាពគ្រួសារ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់គ្រួសារកុមារនីមួយៗទទួលបាន ៖ អង្ករ ១០០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត, កញ្ចប់អាហារ ១កញ្ចប់, កាបូបស្ពាយ ១ និងថវិកា ៥០០.០០០រៀល៕