ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ លើបុរសជនជាតិអាមេរិកកាំង
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសថា រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ០១នាក់ និងមិនមានករណីជាសះស្បើយទេ សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ក្រសួងសុខាភិបាលឲ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី នេះ កើតឡើងលើបុរសជនជាតិអាមេរិកកាំង ម្នាក់ អាយុ ៦៩ ឆ្នាំ ស្នាក់នៅ Apartment មួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិនតៃវ៉ាន់ មកដល់កម្ពុជានៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
កត់សម្គាល់ដែរថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើសរុបមានចំនួន ៧១នាក់ដែលក្នុងចំនួននេះ មានបុរសខាងលើនេះផងដែរ ឯអ្នកដំណើរចំនួន ៧០នាក់នោះ លទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ និងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាស សណ្ឋាគារសុខា-ភ្នំពេញ សណ្ឋាគារធានយី និងសណ្ឋាគារចុងស៊ីង។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានអ្នកវីរុសកូវីដ១៩ សរុបមានចំនួន ៣០២នាក់ អ្នកជាសះស្បើយចំនួន ២៨៩នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ១៣នាក់ និងមិនមានករណីស្លាប់ទេ៕