គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជាឆ្លើយតបនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់អាមេរិកដែលថា កម្ពុជាមានផែនការធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពបរទេស នៅមូលដ្ឋានកងទ័ពជើងទឹករាម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    កម្ពុជាឆ្លើយតបនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់អាមេរិកដែលថា កម្ពុជាមានផែនការធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពបរទេស នៅមូលដ្ឋានកងទ័ពជើងទឹករាម កម្ពុជាឆ្លើយតបនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់អាមេរិកដែលថា កម្ពុជាមានផែនការធ្វើជាម្ចាស់ផ្ទះសម្រាប់កងទ័ពបរទេស នៅមូលដ្ឋានកងទ័ពជើងទឹករាម

    ភ្នំពេញ​៖ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចារ្យ​ អូន​ ព័ន្ធមុន្នីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានមាន​ប្រសាសន៍ថា​ កម្ពុជា​គ្មាន​​មូលដ្ឋាន​យោធា​បរទេសណា​មួយ​នៅ​លើ​ទឹកដីរបស់ខ្លួនឡើយ​។

    ការលើកឡើងយ៉ាងដូច្នេះគឺបន្ទាប់ពី​​ ឯកឧត្ដម​ រ៉ូបឺត​ អូប្រាយ​អិន​ ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​ បាន​លើកឡើងក្នុងកិច្ច​ប្រជុំកំពូល​អាស៊ីបូព៌ា​លើកទី១៥ តាមប្រព័ន្ធ​វីដេអូ កាលពីថ្ងៃទី​១៤វិច្ឆិកា ថា​ សហរដ្ឋអាមេរិក​មានការព្រួយបារម្ភ​ពីផែនការ​របស់​កម្ពុជា​ ក្នុង​ការធ្វើជាម្ចាស់ផ្ទះ​សម្រាប់​កងទ័ព​ជើង​ទឹក​បរទេស​ និងបុគ្គលិក​របស់​គេ​ នៅឯមូលដ្ឋាន​កងទ័ព​ជើង​ទឹករាម​នៅឈូងសមុទ្រ​ថៃ​។

    ជាការឆ្លើយតប​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី អូន​ ព័ន្ធមុន្នីរ័ត្ន​ ក្នុងនាម​ជាតំណាង​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា​ មានប្រសាសន៍ថា​ ការចោទប្រកាន់​ម្ដងហើយម្ដងទៀត​ និង​ការផ្សព្វផ្សាយ​រឿង​ដែលគ្មាន​មូលដ្ឋាន ​របស់ឯកឧត្ដម​ រ៉ូបឺត​ អូប្រាយ​អិន​ ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​ បែបនេះ អាចធ្វើ​ឲ្យអន្តរាយ​ដល់ការ​ជឿ​ទុកចិត្ត​គ្នា​ និង​បង្ក​អរិភាព​រវាងប្រទេស​កម្ពុជា​ និង​ប្រទេសក្នុងតំបន់។ ឧបនាយករដ្ឋមន្ត្រី​បន្តថា​ កម្ពុជា​គ្មាន​ហើយថ្ងៃមុខ​ក៏​នឹង​ពុំមាន​ដែរនូវ​មូលដ្ឋាន​យោធា​បរទេស​ណាមួយ​លើ​ទឹកដៃ​របស់ខ្លួន​។

    ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់សាជាថ្មីដែរថា​ រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​​នូវគោល​ការណ៍​ឯក​រាជ្យ​ និង​អព្យាក្រឹត​ តាម​សេចក្ដី​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ នៃព្រះរាជាណាចក្រ​កម្ពុជា​ ដែលហាម​ដាច់​ខាត​នូវ​វត្ត​មាន​មូលដ្ឋាន​យោធា​បទេស​ នៅក្នុង​ប្រទេស​កម្ពុជា​។

    ឯកឧត្ដម​បន្ត​ទៀតថា​ ក្នុង​នាមជាប្រទេស​មួយ​ដែល​មាន​អធិបតេយ្យ​ និងឯករាជ្យ​ មាន​បូរណ​ភាព​ទឹក​ដី​ពេញលេញ​ ក្រោម​ការ​គ្រប់​គ្រង​របស់រដ្ឋាភិបាល​ស្របច្បាប់​ និង​មានសិទ្ធិ​ស្មើគ្នា​ដូច​ជា​ប្រជាជាតិ​ដទៃទៀត​ក្នុង​តំបន់​ក៏​ដូចជា​នៅជុំវិញ​ពិភពលោក​ ប្រទេស​កម្ពុជា​មាន​សិទ្ធិ​ពេញលេញ​ និង​មិន​អាច​កាត់ផ្ដាច់​បាន​ ក្នុង​ការ​កែ​លម្អ​មូលដ្ឋាន​កង​ទ័ពជើង​ទឹក​ កំពង់ផែ ឬហេដ្ឋារចនា​សម្ព័ន្ធ​នាវា​ចរណ៍​របស់ខ្លួន​ ដើម្បី​បំពេញ​សេចក្ដីត្រូវ​ការ​ក្នុង​ពេលបច្ចុប្បន្ន​ ស្របតាមរដ្ឋ​ធម្មនុញ្ញ​របស់ប្រទេស​។ ដោយ​ហេតុផលនេះហើយ​ ដែល​មជ្ឈមណ្ឌល​សមុទ្រ​របស់យើង​នៅឯមូល​ដ្ឋាន​​ទ័ពជើង​ទឹករាម​ត្រូវ​បាន​ផ្លាស់​ទៅទីតាំង​ថ្មី ប៉ុន្តែ​ក៏នៅតែ​ស្ថិត​ក្នុងតំបន់​គម្រោង​ជាមួយគ្នា​។​ ផ្ទុយស្រឡះ​ពីការចោទ​ប្រកាន់​ដែល​ថា​ មជ្ឈមណ្ឌល​នេះ​ត្រូវ​បិទចោល​។ ក្នុងនោះដែរ​សម្ដេចតេជោ​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បាន​អញ្ជើញ​មិត្ត​ភក្ដិ​បរទេស​​ដែល​ចាប់​អារម្មណ៍​ទាំងអស់​ឲ្យចូលរួម​ធ្វើ​ហិរញ្ញប្បទាន​ទ្រទ្រង់​ដល់មជ្ឈមណ្ឌលនេះ​ផងដែរ​។

    ឯកឧត្ដម​ បញ្ជាក់ថា​ កម្ពុជាស្វាគមន៍​ចំពោះការ​ផ្ដល់​ជំនួយ​  និង​ការ​បន្ត​ផ្ដល់​ជំនួយ​ពីសហរដ្ឋអាមេរិក​ អូស្ត្រាលី កូរ៉េខាងត្បូង​ ជប៉ុន​ ចិន​ និង​ប្រទេស​ដទៃទៀត​ ដរាបណាជំនួយ​នេះ​មិនរារាំង​កម្ពុជា​ក្នុង​ការអនុវត្ត​សិទ្ធិ​អធិបតេយ្យ​របស់ខ្លួន​៕

     

     

     

    អត្ថបទទាក់ទង