គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រុមអ្នកស្រាវជ្រាវ​រកឃើញ​ដើមឈើ​ថ្មី​ជិត​ផុតពូជ ២ប្រភេទ​ ក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    ក្រុមអ្នកស្រាវជ្រាវ​រកឃើញ​ដើមឈើ​ថ្មី​ជិត​ផុតពូជ ២ប្រភេទ​ ក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា​ ក្រុមអ្នកស្រាវជ្រាវ​រកឃើញ​ដើមឈើ​ថ្មី​ជិត​ផុតពូជ ២ប្រភេទ​ ក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា​

    មណ្ឌលគិរី៖ ក្រុមអ្នកស្រាវជ្រាវ​មកពីប្រទេសជប៉ុន​ សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កម្ពុជា បាន​រកឃើញ​ដើមឈើថ្មីជិតផុតពូជ ២ប្រភេទ នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃកែវ​សីមា។ ដើមឈើទាំង ២ប្រភេទនេះត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​អង្គការ​សមាគម​អភិរក្សសត្វព្រៃ WCS នៅ​ថ្ងៃ​១៧​ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

    ដើមឈើថ្មីទាំងពីរប្រភេទនេះ ត្រូវ​បាន​ក្រុមអ្នកស្រាវជ្រាវដាក់​ឈ្មោះតាម​វិទ្យាសាស្ត្រ៖ ប្រភេទទី១ ឈ្មោះ «ម៉ាឈីលូស កាំបូឌីយ៉ាណា (Machilus cambodiana)» ដោយឈ្មោះខាងចុងយកតាមឈ្មោះប្រទេសកម្ពុជា និង​ប្រភេទ​ទី២ ឈ្មោះ «ម៉ាឈីលូស សីមេនស៊ីស (Machilus seimensis)» ដោយឈ្មោះខាងចុងយកតាមឈ្មោះដែនជម្រកសត្វព្រៃកែវសីមា។

    បើ​ទោះបីជា​អង្គការ IUCN មិនទាន់បានដាក់បញ្ចូលរុក្ខជាតិថ្មីទាំងពីរប្រភេទនេះចូលទៅក្នុង​បញ្ជី​ក្រហម​របស់​ខ្លួន​ក្តី ក៏ក្រុមអ្នកស្រាវជ្រាវ ជឿថាដើមឈើរកឃើញថ្មីទាំង ២​ប្រភេទនេះ កំពុងរងការគំរាមកំហែងជិតផុតពូជ ដោយសារប្រភេទរុក្ខជាតិទាំង​ ២​ប្រភេទនេះ​ មានចំនួនតិចតួចនៅក្នុងព្រៃស្រោង ហើយក្រុមអ្នកស្រាវជ្រាវបានរកឃើញដើមឈើប្រភេទនេះតែពីរបីដើមប៉ុណ្ណោះក្នុងកំឡុងពេលធ្វើការសិក្សា​ស្រាវ​ជ្រាវរបស់ខ្លួន។

    ដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានគេស្គាល់ថាជាទីជម្រកសម្រាប់រុក្ខជាតិតូចៗនិងដើមឈើសរុបជាង ២៦០ប្រភេទ។ ក្នុងនោះមាន ២០ប្រភេទកំពុងឈានទៅរកការផុតពូជជាសកល និង ៥៣ប្រភេទទៀត ត្រូវបានរដ្ឋបាលព្រៃឈើចាត់ចំណាត់ថ្នាក់ជាប្រភេទឈើប្រណិត ឬប្រភេទឈើលេខ១ លេខ២ ឬលេខ៣។

    ក្រុមអ្នកស្រាវជ្រាវក៏បានពិពណ៌នាផងដែរអំពីប្រភេទរុក្ខជាតិថ្មីៗនៅឧទ្យានជាតិបូកគោ ខេត្តកំពត និងដែនជម្រកសត្វព្រៃភ្នំដងរែកភាគកណ្តាល។ សំណាកនៃប្រភេទរុក្ខជាតិថ្មីៗទាំងអស់បានរក្សាទុកនៅឯបន្ទប់រក្សាសំណាកជីវៈចម្រុះរបស់រដ្ឋបាលព្រៃឈើ៕ ប្រភព៖ អង្គការ WCS

    អត្ថបទទាក់ទង