គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    មន្ត្រីជាន់ខ្ពស់​ WHO ចាត់ទុកការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាគំរូ​ល្អក្នុង​វិស័យ​សុខ​ភាព​សាធារណៈ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    មន្ត្រីជាន់ខ្ពស់​ WHO ចាត់ទុកការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាគំរូ​ល្អក្នុង​វិស័យ​សុខ​ភាព​សាធារណៈ​ មន្ត្រីជាន់ខ្ពស់​ WHO ចាត់ទុកការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាគំរូ​ល្អក្នុង​វិស័យ​សុខ​ភាព​សាធារណៈ​

    ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​សុខាភាពពិភពលោក​ (WHO) បាន​ចាត់ទុក​​ការ​ដឹក​នាំ​របស់​ រាជ​រដ្ឋាភិបាល​កម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ​​ ជាគំរូ​ដ៏ល្អ​ក្នុងវិស័យ​សុខ​ភាព​សាធារណៈ​។

    មន្ត្រីជាន់ខ្ពស់ WHO ថ្លែង​នូវ​ការ​​កោតសរសើរចំពោះ​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​សម្រេច​​ចិត្ត​យ៉ាងរហ័ស​រហួន​ក្នុង​ការ​ទប់ស្កាត់មិនឱ្យមានការរីករាលដាលជំងឺកូវីដ១៩ ពិសេស​ការ​គ្រប់គ្រង​ក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» និងបានចាត់ទុកថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាថា បាន​អនុវត្តន៍​នូវ​វិធាន​ការ​ជា​គំ​រូ​ដ៏​ល្អ​ក្នុង​វិស័យ​សុខភាពសាធារណៈ។

    ជំងឺបង្កដោយមេរោគកូវីដ១៩ ជា​ជំងឺ​មួយ​ដែល​មន្ត្រី​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ​វាយ​តម្លៃ​ថា​ ជា​ជំងឺ​មាន​ការ​រីករាលដាលយ៉ាងឆាប់រហ័សបំផុត។ ព្រឹត្តិការណ៍ «៣វិច្ឆិកា» ការ​ប្រាស្រ័យ​ទាក់​ទង​ដោយ​ផ្ទាល់ ​និង​ប្រយោលជាមួយលោក ភីតធើ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មរបស់ហុងគ្រី ពី​សំណាក់​សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ព្រមទាំងមន្ត្រី និង​អ្នក​ពាក់ព័ន្ធ​រហូត​ដល់​ទៅ​ជាង ៤ពាន់នាក់ នាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីការផ្ទុះជំងឺកូវីដ១៩ ទៅក្នុងសហគមន៍។

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន​ សែន ដែល​មិន​ចេះ​មើល​ស្រាល​ចំពោះ​ស្ថានការណ៍​គ្រោះថ្នាក់​ទាំង​ឡាយ​នោះ បាន​ដាក់​ចេញ​វិធានការ​បន្ទាន់ និង​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ក្នុង​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺកូ​វីដ១៩ ក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» នេះ។ សម្តេចតេជោ មិន​បាន​អល់​អែក ក្នុ​ង​ការ​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺកូវីដ១៩ ក្នុង​ព្រឹត្តិការណ៍ «៣វិច្ឆិកា» ដូច​ជាកា​រ​រក​អ្នក​ពាក់ព័ន្ធ​ ដើម្បី​ពិនិត្យ​សុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។

    លោកបណ្ឌិត តាក់កឺស៊ី កាសៃ (Takeshi Kasai) អគ្គនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់​ប៉ាស៊ីហ្វិក​ខាង​លិច​ បាន​សរសេរ​នៅ​លើ Twitter ថា សុខុមាលភាពជាសមូហភាព គឺ​ពឹ​ង​ផ្អែក​លើការ​ដឹក​នាំ​ដ៏​ខ្លាំង​ក្លា ​និងសកម្មភាពនៃបុគ្គលនីមួយៗ។

    លោកបណ្ឌិត តាក់កឺស៊ី កាសៃ បានថ្លែងកោតសរសើរពីការគ្រប់គ្រងព្រឹត្តិការណ៍ «៣វិច្ឆិកា» របស់​កម្ពុជា​យ៉ាង​ដូច្នេះ​ថា «ខ្ញុំសូមកោតសរសើរប្រទេសកម្ពុជា ចំពោះការសម្រេច​ចិត្តដ៏​រហ័ស​រហួន​របស់​ខ្លួន ​នៅ​ក្នុងការគ្រប់គ្រងករណីឆ្លងជាចង្កោម ទៅលើព្រឹត្តិការណ៍ [៣ វិច្ឆិកា] នៃការបំពេញ​ទស្សន​កិច្ច​ការ​ទូត​ និងសូមកោតសរសើរថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ដែលអនុវត្ត​គំរូ​ដ៏​ល្អ​ក្នុង​វិស័យ​សុខភាព​សាធារណៈ»។​

    លោកស្រីវេជ្ជបណ្ឌិត លី អាលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាលើ Twitter របស់លោកស្រីថា ការរកឃើញបានឆាប់ ឆ្លើយទាន់ពេល ជាមួយ​នឹ​ង​កិច្ច​អន្តរាគមន៍​លើ​គោល​ដៅ​ដែល​ត្រូវ​បាន​កំណត់ គឺជាកត្តាចាំបាច់បំផុត ដើម្បីទទួលបា​ន​ជោគ​ជ័យ​លើ​ការ​ទប់​ស្កាត់​មិន​ឱ្យ​ជំងឺ​រីក​រាល​ដាល​។

    លោកស្រី ក៏បានថ្លែងកោតសរសើរ និងអបអរសាទរកម្ពុជាក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ «៣វិច្ឆិកា» បា​ន​យ៉ាង​ល្អ និងរក្សាបានសុវត្ថិភាពសុខភាពសាធារណៈសម្រាប់ពលរដ្ឋកម្ពុជាទាំងមូល។

    ព្រឹត្តិការណ៍ «៣វិច្ឆិកា» ត្រូវបានគេ​ចាត់​ទុក​ជា​ការ​គ្រប់​គ្រង​យ៉ាង​ជោគ​ជ័យ​លើកា​រ​រីក​រាល​ដាល​ជំងឺ​កូវី​ដ១៩ ​រប​ស់រា​ជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីជំងឺនេះ​មិន​បាន​រីក​រាលដាលចូលទៅក្នុងសហគមន៍។

    ព្រឹត្តិការណ៍ «៣វិច្ឆិកា» អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលរហូតដល់ទៅជាង ៤ពាន់នាក់ ត្រូវ​បាន​ធ្វើតេ​ស្ត​សុខភាពរកជំងឺកូវីដ១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។ ពាក់ព័ន្ធព្រឹត្តិការណ៍នេះ មាន​មនុស្ស ​៤នាក់ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ ហើយត្រូវបានបញ្ជូនយកទៅព្យាបាល។ អ្នកជំងឺ​ពីរ​នាក់​ បាន​ព្យាបាលជាហើយគិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា នៅសល់តែពីរ​នាក់​ទៀត​ប៉ុណ្ណោះ​កំពុង​សម្រាក​ព្យាបាល​៕ ប្រភព៖ FreshNews

     

    អត្ថបទទាក់ទង