រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ស្អែកនេះ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ វិច្ឆិកាស្អែកនេះ នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលនឹងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧ ដែលទាក់ទងនិងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹកជញ្ជួនតាមផ្លូវអាកាស រួមទាំងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ជាដើមនោះ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការរដ្ឋសភា ដែលបានចេញនៅព្រឹកថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា កិច្ចប្រជុំដែលនឹងធ្វើឡើងនៅវេលាម៉ោង៨ ថ្ងៃទី២៥ស្អែកនេះនឹងប្រព្រឹត្តិ ទៅក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ហើយនឹងត្រូវពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ដូចជា៖
១. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២១។
២. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩។
៣. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។
៤. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
៥. ការពិភាក្សា និងអនុវម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការ ផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។
៦. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖
-ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុកក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ។
-ពីធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
៧. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារ អនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីសេវាកម្ម៕