គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋាភិបាល​កម្ពុជា​ នៅ​តែ​​ប​ន្ត​ចែ​ក​គ្រាប់​​ពូជស្រូវ​​ជូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    រដ្ឋាភិបាល​កម្ពុជា​ នៅ​តែ​​ប​ន្ត​ចែ​ក​គ្រាប់​​ពូជស្រូវ​​ជូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ រដ្ឋាភិបាល​កម្ពុជា​ នៅ​តែ​​ប​ន្ត​ចែ​ក​គ្រាប់​​ពូជស្រូវ​​ជូន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​

    កំពង់ធំ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ នៅតែបន្តចាត់​ឲ្យ​តំណាង​ចុះ​ចែកពូជស្រូវ​ជូនដល់​ប្រជាពលរដ្ឋ​ដែលរង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ដើម្បី​បង្កបង្កើន​ផលឡើង​វិញ ​ក្រោយពេល​ទឹកស្រកហើយ​នោះ​​។

    ជាក់ស្ដែង​កាលពី​ព្រឹកថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មា​ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តចុះពិនិត្យវឌ្ឍនភាព នៃការបង្ករបង្កើនផល ការស្តារឡើងវិញ និងនាំយកពូជស្រូវជាង៨០តោន ជា​អំណោយរបស់សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែក​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៨០០គ្រួសារ មកពី១២ឃុំ ក្នុងស្រុកសន្ទុក និងស្រុកបារាយ ខេត្តកំពង់ធំ ដោយ​ក្នុង​មួយគ្រួសារទទួលបានស្រូវពូជចំនួន១០០ គីឡូក្រាម និងថវិការចំនួន ៥ម៉ឺនរៀល ។

    ក្នុងពិធីនេះដែរក៏មានការចូលរួមពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។

    ឯកឧត្តមទេសរដ្ឋមន្ត្រីគន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខនិងការនឹករលឹក យកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន «សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ណាស់លើការដាំដុះឡើងវិញរបស់ប្រជាពលរដ្ឋ។

    ការបង្កបង្កើនក្រោយទឹកជំនន់ ជាកិច្ចការចាំបាច់ណាស់ ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារ និងបញ្ហាក្នុងជីវភាពរបស់ប្រជាពលរដ្ឋរងគ្រោះ។ ការសង្គ្រោះពលរដ្ឋពីការជន់លិចជាសំខាន់ តែវាកាន់តែចាំបាច់ថែមទៀត ការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋក្រោយពេលទឹកស្រកទៅវិញ»។

    ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងកម្លាំងគ្រប់ជាន់ថ្នាក់ ដែលបានជួយយ៉ាងសស្រាក់សស្រាំតាំងពីពេលឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ។

    ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា: ឆ្នាំ ២០២០នេះ ការដាំស្រូវសម្រេចបានលើសផែនការ គឺបាន១០៧.៥%ជាង តែដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ នាំឱ្យមានភាពរាំងស្ងួតនៅដើមរដូវ បន្ទាប់មកមានទឹកជំនន់ដោយសារទឹកភ្លៀង បណ្តាលឱ្យមានការខូចខាតផលដំណាំមួយចំនួន ដែលមិនអាចស្តារឡើងវិញបានទាំងស្រុង ។ គ្រោះទឹកជំនន់ដោយសារទឹកភ្លៀងថ្មីៗនេះ នៅទូទាំងខេត្តកំពង់ធំបានប៉ះពាល់ដល់ស្រែជាង ១៨០០០ ហិចតា និងរងការខូចខាតទាំងស្រុងជាង ១០០០០ ហិចតា ហើយគិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកានេះ ការស្តាឡើងវិញចំពោះផ្ទៃដីដែលអាចស្តារបានគឺសម្រេចបានជាង ៨០%ហើយ៕

     

    ពាក្យគន្លឹះទាក់ទង