សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៌អាស៊ាន-ចិន លើកទី១៧ តាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី១៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា ពិព័រណ៍អាស៊ាន-ចិន ត្រូវបានរៀបចំឡើងក្រោមមូលបទ «រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល» នេះ នឹងផ្ដោតលើការជំរុញការស្ដរសេដ្ឋកិច្ចតំបន់ឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ១៩ និងការរក្សាសន្ទុះរឹងមាំនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងអាស៊ាន និងចិន។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងថ្លែងសន្ទរកថាគន្លឹះក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយសម្ដេចនឹងគូសបញ្ជាក់ពីភាពចាំបាច់ត្រូវពង្រឹងការប្ដេជ្ញាទ្រទ្រង់គោលការណ៍ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសេដ្ឋកិច្ច-សង្គម ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩៕