រដ្ឋបាលរាជធានីចេញសេចក្ដីណែនាំ ១០ចំណុច ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នៅក្នុងសហគមន៍
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំចំនួន ១០ចំណុច ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូរីដ ១៩ នៅក្នុងសហគមន៍នៅរាជធានីភ្នំពេញ។
យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយច្បាប់ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នៅក្នុងសហគមន៍នៅរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ អង្គភាពចំណុះរដ្ឋបាលរាជធានី ពាណិជ្ជករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដូចខាងក្រោម ៖
១- ត្រូវធ្វើការផ្អាករាល់ការជួបជុំ ឬការប្រមូលផ្ដុំ ដូចជាកម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ឬការជួបជុំ បែបសាសនាទាំងអស់។ល។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
២- អនុញ្ញាតឱ្យមានការជួបជុំមិនឱ្យលើសពី២០នាក់ ក្នុងករណីចាំបាច់ ប៉ុន្តែការជួបជុំនេះ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម យ៉ាងតិចចម្ងាយ១,៥ម៉ែត្រ ពីម្នាក់ទៅម្នាក់។
៣- ត្រូវចាត់តាំងកម្លាំង ដើម្បីផ្សព្វផ្សាយ អប់រំ និងណែនាំប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយផ្ទាល់ ឬដោយ ប្រយោល ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ឱ្យទៅធ្វើតេស្តរកមេរោគកូវីដ១៩។ ក្នុងករណីលទ្ធផល តេស្តអវិជ្ជមាន ត្រូវធ្វើចត្តាឡីស័ក្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល។
៤- ត្រូវចុះត្រួតពិនិត្យ និងតាមដាននៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានា ឱ្យអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ក្នុងនោះម្ចាស់អាជីវកម្មទាំងអស់ខាងលើ ត្រូវរៀបចំជែល ឬអាល់កុលលាងដៃ នៅមុខច្រកទ្វារចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិកឱ្យធ្វើការវាស់កម្ដៅភ្ញៀវទាំងអស់ដោយឈរតម្រង់ជួររក្សាគម្លាតសុវត្ថិភាពសង្គម មុននឹងអនុញ្ញាតឱ្យចូលក្នុងទីតាំង អាជីវកម្មទាំងនោះ ព្រមទាំងត្រូវរៀបចំរក្សាគម្លាតសុវត្ថិភាពសង្គមយ៉ាងតិច១,៥ម៉ែត្រពីម្នាក់ទៅម្នាក់ ក្នុងពេលអង្គុយ។ ក្នុងករណីដែលម្ចាស់ទីតាំងអាជីវកម្មខាងលើ មិនអនុវត្តតាមការណែនាំទេនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទអាជីវកម្មជាបណ្តោះអាសន្ន។
៥- ត្រូវចុះត្រួតពិនិត្យ និងតាមដានការអនុវត្តនូវវិធានការផ្អាកជាបណ្តោះអាសន្ននូវទីតាំងអាជីវកម្មមួយចំនួនដូចជា ក្លឹបហាត់ប្រាណ រោងភាពយន្ត KTV ក្លឹបកម្សាន្ត រង្គសាល ខារ៉ាអូខេ ឌីស្កូតែក បៀរហ្គាឌិន អាជីវកម្មម៉ាស្សាសុខភាព និងស្ពារ។
៦- ចុះពិនិត្យស្ថានភាពនៅទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋធ្វើចត្តាឡីស័កតាមផ្ទះ ដែលបញ្ជូនមកពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កទាំងអស់ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងត្រូវរៀបចំចាត់ចែងការងារបន្ត ដោយផ្អែកលើលទ្ធផលនៃការតាមដានសុខភាព។
៧- អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណ៏មិនចាំបាច់ មិនត្រូវធ្វើដំណើរចេញក្រៅផ្ទះ។ ក្នុងករណ៍ដែលមានតម្រូវការចាំបាច់ជៀសមិនផុត មិនត្រូវឱ្យមានការកកកុញតាមភ្លើងចរាចរណ៍ ឬភ្លើងស្តុបនានា នៅក្នុងរាជធានីភ្នំពេញឡើយ។
៨- រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញត្រូវធ្វើការផ្អាករាល់ការប្រជុំចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ ចំពោះទីតាំងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវរៀបចំចាំបាច់ឱ្យមានការវាស់កម្ដៅ ការពាក់ម៉ាស់ ការលាងដៃសម្លាប់មេរោគ និងរៀបចំកន្លែងអង្គុយចម្ងាយ ១,៥ម៉ែត្រពីម្នាក់ទៅម្នាក់ ដោយកំណត់ចំនួនប្រជាពលរដ្ឋដែល មកទទួលសេវាមិនឱ្យលើសពី២០នាក់ ក្នុងពេលម្តងៗ។
៩- ចំពោះផ្សាររដ្ឋ និងផ្សារឯកជន ត្រូវរៀបចំឱ្យមានការវាស់កម្ដៅ ការពាក់ម៉ាស់ និងការលាងដៃសម្លាប់ មេរោគ ព្រមទាំងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគម្លាតសុវត្ថិភាពសង្គម។
១០-ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ផ្សេងទៀត របស់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ដែលកំពុងនៅជាធរមាន។
សេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញបានបន្ថែមថា ទទួលបានសេចក្តីណែនាំនេះ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ -អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមយ៉ាងមុតមាំលើស្មារតីយោគយល់អធ្យាស្រ័យខ្ពស់បំផុត ពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងសូមចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវសេចក្តីណែនាំខាងលើកុំបីខាន៕