ក្រសួងសុខាភិបាល អនុញ្ញាតឲ្យបើកដំណើរការផ្សារទំនើបអ៊ីអន១ ឡើងវិញនៅថ្ងៃនេះ
ភ្នំពេញ៖ យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឲ្យផ្សារទំនើប អ៊ីអន១បើកឡើងវិញ ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ ក្រោយពិនិត្យសំណាកមនុស្ស៣២០១នាក់អវិជ្ជមានកូវីដ១៩ទាំងអស់។ នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
លោកស្រី យក់ សម្បត្តិ បានបន្ថែមថា ការអនុញ្ញាតបើកដំណើរការផ្សារទំនើបអ៊ីអន១ ឡើងវិញ ក្រោយបានបិទបណ្តោះអាសន្នរយៈពេល៣ថ្ងៃ ក្រសួងសុខាភិបាលក៏បានពិភាក្សាជាមួយសាលារាជធានីភ្នំពេញ ក៏ដូចជាមានការស្នើសុំពីម្ចាស់ផ្សារទំនើបអ៊ីអន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រសួងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សុំគោលការណ៍បើកដំណើរឡើងវិញ ដើម្បីជាផ្តល់ឱកាសឲ្យអាជីវករទាំងអស់ អាចដំណើរការអាជីវកម្មរបស់ខ្លួន ដោយអនុវត្តតាមវិធានសុខាភិបាលជាកំហិត ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ។
សូមជំរាបថា កាលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅថ្មីៗ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទផ្សារអ៊ីអន១ ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តីខ្មែរម្នាក់ ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះញ៉ាំអាហារ និងទិញឥវ៉ាន់មួយចំនួន៕ ប្រភព៖FreshNews