គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ​សិង្ហបុរី ​សន្យាបន្ត​ជួយ​កម្ពុជា​លើការបណ្ដុះ​បណ្ដាល​ធនធានមនុស្ស​ និង​វិស័យ​មួយចំនួន​ទៀត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០​ |
    ​សិង្ហបុរី ​សន្យាបន្ត​ជួយ​កម្ពុជា​លើការបណ្ដុះ​បណ្ដាល​ធនធានមនុស្ស​ និង​វិស័យ​មួយចំនួន​ទៀត ​សិង្ហបុរី ​សន្យាបន្ត​ជួយ​កម្ពុជា​លើការបណ្ដុះ​បណ្ដាល​ធនធានមនុស្ស​ និង​វិស័យ​មួយចំនួន​ទៀត

    ភ្នំពេញ​៖ នៅថ្ងៃទី​០២​ ខែធ្នូ ឆ្នាំ​២០២០​ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​អនុញ្ញាត​ឲ្យ​លោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសឹង្ហបុរីចប់អាណត្តិនៅកម្ពុជា ចូលជួប​សំដែង​ការគួរសម និងជម្រាបលា។

    ក្នុង​ជំនួបនេះ ឯកអគ្គរដ្ឋទូត​សិង្ហបុរី លោក Michael Tan Keng Siong បានកោតសរសើរចំពោះការរីកចំរើនរបស់ប្រទេស​កម្ពុជា និងបានសន្យាថានឹងបន្តជួយដល់ប្រទេសកម្ពុជាបន្តទៀត លើការបណ្តុះបណ្តាលផ្នែកធនធានមនុស្ស និងវិស័យមួយចំនួនទៀត ដូចអ្វីដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានសម្រេច​នាពេលកន្លងទៅនោះ។

    ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបូរី ដែលបានជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេសនាពេលថ្មីៗនេះតាមរយៈស្ថានទូតសិង្ហបូរី ប្រជាជនសិង្ហបូរីបានរៃអង្គាស់ថវិកាបានជាច្រើនជួយ ដល់ប្រជាជនកម្ពុជាជួបគ្រោះទឹកជំនន់ និងជួយដល់កុមារកម្ពុជាជាដើមនោះ។

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបូរីដែលបានផ្តល់វគ្គបណ្តុះបណ្តាល លើជំនាញជាច្រើនដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ ចាប់តាំងពីរឆ្នាំ១៩៩២មករហូត ដល់បច្ចុប្បន្ននេះ។

    ក្រោយជំនួបពិភាក្សា​បាន​បញ្ចប់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងបំពាក់គ្រឿងឥស្សរយសដល់លោក Michael Tan Keng Siong ដើម្បីជាការតបស្នងសងគុណចំពោះលោក ដែលបានជំរុញឲ្យទំនាក់ទំនងទ្វេភាគីកម្ពុជា និងសិង្ហបូរីកាន់តែរីកចំរើនច្រើនឡើងៗក្នុងអំឡុងពេលបំពេញបេសកកម្មរបស់លោកជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា រយៈពេលជាង បួនឆ្នាំមកនេះ៕

    អត្ថបទទាក់ទង