កម្ពុជាចាប់ផ្ដើមនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារប្រទេសចិនហើយ
ភ្នំពេញ៖ ការចាប់ផ្តើមដឹកជញ្ជូនផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបានចាប់ផ្តើមហើយ ដោយក្រុមហ៊ុន ហ៊ុនទី នៅកម្ពុជា។ ដោយបានពិនិត្យឃើញនូវឱកាសវិនិយោគលើវិស័យកសិកម្មកម្ពុជា ក្រុមហ៊ុន ហ៊ុនទី បានចាប់ផ្តើមបោះទុនវិនិយោគ លើការអភិវឌ្ឍវិស័យកសិកម្ម ការលាងសំអាត ការវេចខ្ចប់ ការបង្កើតឃ្លាំងស្តុកត្រជាក់ និងការនាំចេញ ផលិតផលកសិកម្មនៅកម្ពុជា កាលពីឆ្នាំ២០១៧ ។ មកទល់ថ្ងៃម្សិលមិញនេះ ក្រុមហ៊ុនបានសាកល្បងដឹកជញ្ជូនស្វាយស្រស់មួយ Container ដោយត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន ។
តាមការបញ្ជាក់របស់ក្រុមហ៊ុននាពេលព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ក្រោយពីបញ្ចប់នៃការសាងសង់ និងដំឡើងឧបករណ៍សម្លាប់សមាសភាពចង្រៃ(ពងរុយ)នៅក្នុងផ្លែស្វាយរួចរាល់មក ក្រុមហ៊ុនបានចាប់ផ្តើមដឹកជញ្ជូនស្វាយពីចំការមកសំអាត និងវេចខ្ចប់ ដោយបានចាប់ផ្តើមបណ្តុះបណ្តាលកម្មករចំនួន ៧០ នាក់ ជាបឋម ដោយត្រូវប្រើប្រាស់រយៈពេលបីថ្ងៃ ដើម្បីដាក់បញ្ចូលទៅក្នុងមួយ Container ។ ក្រុមហ៊ុនមានក្តីសង្ឃឹមថា ក្រោយពីទទួលបានបទពិសោធន៍ពីការលៀងសំអាត និងវិចខ្ចប់ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ នឹងជួយដល់ក្រុមហ៊ុនបង្កើនល្បឿននៃការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ ។
សូមបញ្ជាក់ថា ពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលគយចិន ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។ ដោយឡែក ចំពោះវឌ្ឍនភាពនៃការអនុវត្តពិធីសារនេះ យើងទទួលបានលទ្ធផលជាបន្តបន្ទាប់ដូចខាងក្រោម៖
– អគ្គនាយកដ្ឋានកសិកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ចំនួន៤៨ក្រុមហ៊ុន/ម្ចាស់ចម្ការ/សហគមន៍កសិកម្ម។
ដំណាក់កាលទី១: អគ្គនាយកដ្ឋានកសិកម្មបានចាត់មន្រ្តីជំនាញចុះពិនិត្យ វាយតម្លៃលើកសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិនចំនួន០៥ និងទីតាំងវេចខ្ចប់ដែលបានសាងសង់រួចរាល់ចំនួន០១ និងបានផ្ញើជូន GACC កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។
ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យឱ្យបានល្អ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងអនុវត្តសកម្មភាពមួយចំនួននៅតាមទីតាំងចម្ការដែលបានដាក់ពាក្យស្នើសុំ ឱ្យបំពេញបាននូវលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។ សកម្មភាពទាំងនោះរួមមាន (១) បណ្តុះបណ្តាលបច្ចេកទេសស្តីពីការអនុវត្តកសិកម្មល្អ (២) បណ្តុះបណ្តាលបច្ចេកទេសស្តីពីការគ្រប់គ្រងសមាសភាពចង្រៃ (៣) បណ្តុះបណ្តាលបច្ចេកទេសស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផ្លែស្វាយស្រស់ (៤) អង្កេតតាមដាននិងរៀបចំប្រព័ន្ធព្យាករណ៍សមាសភាពចង្រៃនៅតាមចម្ការដែលបានចុះបញ្ជីនាំចេញ និង(៥) ត្រួតពិនិត្យ គុណភាព និងសុវត្ថិភាពដំណាំស្វាយ។ បន្ទាប់ពីសកម្មភាពទាំង៥ខាងលើ បានដំណើរការចប់សព្វគ្រប់ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម នឹងវាយតម្លៃចម្ការស្វាយដើម្បីចុះបញ្ជីកសិដ្ឋានការអនុវត្តកសិកម្មល្អ និងចុះបញ្ជីជាកសិដ្ឋានសម្រាប់នាំចេញស្វាយទៅកាន់ប្រទេសចិន រួចផ្ញើជូនភាគីចិនដើម្បីពិនិត្យ និងវាយតម្លៃបញ្ចប់ចុងក្រោយ។
គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ មានក្រុមហ៊ុនចំនួន០៤ ដែលបាននិងកំពុងប្រតិបត្តិការសាងសង់ទីតាំងវេចខ្ចប់ដោយមានបំពាក់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កម្ចាត់ពងរុយចោះផ្លែស្វាយដែលក្នុងនោះរួមមាន៖
- ក្រុមហ៊ុនបឹងកេតផ្លេនធីង & អ៊ិនដាសស្ទៀល ឯ.ក មានទីតាំងនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុងតម្លើងម៉ាស៊ីន Hot Water Treatment ដែលគ្រោងនឹងបញ្ចប់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ
- ក្រុមហ៊ុន បាមីន អេហ្រ្គីខលឈ័រ ហាយ-ថេក ឌីវេឡុបម៉ិន ឯ.ក មានទីតាំងនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បាននិងកំពុងតម្លើងម៉ាស៊ីន Vapor Heat Treatment ដែលគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២០នេះ
- ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd មានទីតាំងនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុងដឹកសម្ភារៈពីប្រទេសចិនមកសាងសង់ ដែលគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២១
- ក្រុមហ៊ុន អាល់ ហ្សាហ្ស៊ីលេន ហ្វ៊ូដ ភីធីអ៊ី (ម្ចាស់ក្រុមហ៊ុន HUNTY CO., LTD)មានទីតាំងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិងកំពុងតម្លើងម៉ាស៊ីន Hot Water Treatment គ្រោងនឹងបញ្ចប់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។
ដោយឡែក ក្រុមហ៊ុនចំនួន៧ផ្សេងទៀត ដែលមានផែនការបំពាក់ឧបករណ៍/សម្ភារៈឱ្យបានមុនដំណាច់ឆ្នាំ២០២០នេះ បានផ្អាកបណ្តោះអាសន្ន ដោយសារវិបត្តិជំងឺ Covid 19។ ក្រុមហ៊ុនទាំងនោះរួមមាន៖ (១)-ក្រុមហ៊ុនអង្គរ ហាវេស ឯ.ក (២)-ហ្រ្គីន ស៊ី អេហ្រ្គីខលឈ័រ (៣)-ឃីង ដឹមហ្វ្រូត អ៊ិនធើណេសិនណល (៤)-Green Centric Farm Co., Ltd (៥)-អង្គរហ្គ្រីន អ៊ិនវេសមេន អេន ឌីវេឡុបមេន (អេជីអាយឌី) និង(៦)-First Bio-Tech Agricultural (Cambodia) Co., Ltd ៕