ប្រធានាធិបតីរុស្ស៊ី បញ្ជាឲ្យចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងស្ម័គ្រចិត្តទ្រង់ទ្រាយធំ ប្រឆាំងនឹងជំងឺ COVID-19
រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាឲ្យកម្មវិធីចាក់វ៉ាក់សាំងស្ម័គ្រចិត្ត ទ្រង់ទ្រាយធំប្រឆាំងនឹងជំងឺ COVID-19 ចាប់ផ្ដើមនៅសប្ដាហ៍ក្រោយនៅទូទាំងប្រទេសរុស្ស៊ី ដោយនិយាយថា ក្រុមគ្រូបង្រៀន និងវេជ្ជបណ្ឌិតគួរតែស្ថិតនៅជួរទី១ ក្នុងការទទួលបានវ៉ាក់សាំង Sputnik V របស់ប្រទេសនេះ។
លោក Putin បានចេញបញ្ជាក្នុងអំឡុងពេលប្រជុំតាម Online ជាមួយក្រុមរដ្ឋមន្ត្រីកាលពីថ្ងៃពុធ នៅថ្ងៃដែលប្រទេសរុស្ស៊ីជាប្រទេសមានចំនួនអ្នកឆ្លងជំងឺនេះ ច្រើនជាងគេបំផុតលំដាប់ទី៤ នៅលើពិភពលោក បានកត់ត្រាអ្នកស្លាប់ថ្មីប្រចាំថ្ងៃចំនួន ៥៨៩នាក់ដោយសារវីរុសកូរ៉ូណានេះ។ លោក Putin បាននិយាយថា ប្រទេសរុស្ស៊ីនឹងផលិតវ៉ាក់សាំងចំនួន ២លានដូសក្នុងរយៈពេល ២-៣ថ្ងៃខាងមុខនេះ។ វ៉ាក់សាំងមានឈ្មោះថា Sputnik V ជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងចំនួន ២ផលិតដោយរុស្ស៊ី ដែលបានទទួលការអនុម័តតាមនិយតកម្មក្នុងស្រុក បើទោះបីជាការសាកល្បងមិនពេញលេញក៏ដោយ ក៏តម្រូវឲ្យការចាក់ ២លើកដែរ។
វ៉ាក់សាំងទី៣ ក៏កំពុងស្ថិតក្នុងដំណើរការផលិតផងដែរ។ យោងតាមរដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសនេះ ប្រទេសរុស្ស៊ីបានចាក់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 លើមនុស្សចំនួន ១សែននាក់រួចទៅហើយ។ ប្រទេសរុស្ស៊ីកាលពីខែមុនបាននិយាយថា លទ្ធផលបណ្ដោះអាសន្នរបស់ខ្លួនបានបង្ហាញថា វ៉ាក់សាំងនោះមានប្រសិទ្ធភាព ៩២% ក្នុងការទប់ស្កាត់មិនឲ្យមនុស្សឆ្លងជំងឺ Covid-19៕ ប្រភព៖ BTVNews