ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ប្រកាសត្រៀមបរិច្ចាគថវិកា ១លានដុល្លារជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩
ភ្នំពេញ៖ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រា ប្រកាសបរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។
ការប្រកាសរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។
កាយវិការនៃការបរិច្ចាគថវិការបស់ឧកញ៉ា ឡេង ណាវ៉ាត្រា នាំឱ្យមានការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងពីមហាជន។ ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានអតីតភាពជាពលករប្រទេសកូរ៉េខាងត្បូង ជាឧកញ៉ាមួយរូប ដែលតែងតែចូលរួមដោះស្រាយការលំបាកជាមួយរាជរដ្ឋាភិបាល រាល់ពេលរាជរដ្ឋាភិបាលមានការលំបាក។
ឧកញ៉ាវ័យក្មេងនៅកម្ពុជារូបនេះ ធ្លាប់បានជួយរាជរដ្ឋាភិបាលច្រើនលើករួចមកហើយ ដូចជាការដោះស្រាយបញ្ហាគ្រោះទឹកជំនន់ និងដោះស្រាយការលំបាកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជាដើម៕ ប្រភព៖ FreshNews