ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសចូលរួមវិភាគទានចំនួន ៧លានដុល្លារ ក្នុងមូលនិធិអភិវឌ្ឍន៍ ACMECS
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសពីការចូលរួមរបស់កម្ពុជា ចំនួន ៧លានដុល្លារ ក្នុងមូលនិធិអភិវឌ្ឍន៍ ACMECS ដើម្បីពន្លឿនដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ និងពន្លឿនការងើបឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩។
សម្ដេចតេជោ បានប្រកាសយ៉ាងដូច្នេះក្នុងខណៈដែលសម្ដេចជាប្រធានដឹកនាំកិច្ចប្រជុំកំពូល នៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ។ មូលនិធិអភីវឌ្ឍន៍ ACMECS មានប្រទេសចំនួន ៥ ជាសមាជិក រួមមាន៖ កម្ពុជា ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថៃបានសន្យាផ្តល់វិភាគទានចំនួន ២០០លានដុល្លារអាមេរិក ជាមូលនិធិដំបូង សម្រាប់ការបង្កើតមូលនិធិអភិវឌ្ឍន៍ ACMECS។ ក្នុងស្មារតីរាជរដ្ឋាភិបាលកម្ពុជា ក៏បានសន្យាផ្តល់វិភាគទាន ៧លានដុល្លារអាមេរិក ហើយសម្តេចក៏ទន្ទឹងរង់ចាំស្វាគមន៍ការចូលរួមដោយស្ម័គ្រចិត្តរបស់ពីសមាជិកដទៃទៀត ក្នុងមូលនិធិអភិវឌ្ឍន៍ ACMECS។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ជាមួយនឹងនឹងផ្តល់វិភាគទានហិរញ្ញវត្ថុគ្រប់គ្រាន់ និងក្រុមប្រឹក្សាប្រតិបត្តិ ដែលមានសមត្ថភាព ខ្ញុំពិតជាមានសុទិដ្ឋនិយមថា យើងអាចចាប់ផ្តើមអនុវត្តគម្រោងអាទិភាពក្រោមផែនការមេ ACMECS ២០១៩-២០២៣ ដោយរលូន»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថា ប្រទេសសមាជិក ACMECS ស្មើនឹងពាក់កណ្តាលនៃប្រទេសសមាជិកអាស៊ានទាំង ១០ ហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ាន ក្នុងករណី ដែល ACMECS ដែលមានប្រទេសជាសមាជិកថ្មីថ្មោង ចំនួន ៤ គឺទទួលបាននូវការអភិវឌ្ឍន៍ វានឹងកាត់បន្ថយបាននូវគម្លាត ហើយវាក៏ទទួលបាននូវការធ្វើសមាហរណកម្ម។
សូមបញ្ជាក់ដែរថា ប្រមុខរដ្ឋាភិបាលប្រទេសទាំង៥ ក៏បានពិភាក្សាផ្លាស់ប្ដូរមតិយោបល់អំពីការប្រឈមទាំងឡាយ ជាពិសេសការប្រឈមនឹងជំងឺរាតត្បាតកូវីត១៩ និងបានលើកឡើងពីកិច្ចសហប្រតិបត្តិការចំពោះការឆ្លើយតបនឹងការងើបឡើងវិញក្រោយពីវិបត្តិកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញ។ ក្នុងកិច្ចប្រជុំនេះសម្ដេចតេជោក៏ដូចជាមេដឹកនាំទាំងអស់បានចាប់អារម្មណ៍អំពីបញ្ហាវ៉ាក់សាំងសម្រាប់ការពារ ការឆ្លងកូវីដ១៩ ដែលក្នុងនោះវៀតណាម ថៃក៏បានប្រកាសថានឹងទិញហើយដែរ ដូច្នេះសម្ដេចក៏បានមានប្រសាសន៍សូមអោយមានការចែករំលែកបទពិសោធន៍នៃការប្រើប្រាស់វ៉ាក់សាំងនេះ ដែលកម្ពុជាគ្រោងនឹងទិញជំហានដំបូង១លានដុសនិងបន្តទិញចាក់អោយបានគ្រប់ចំនួន១០លាននាក់៕