ហាង Pedro និង Zando នៅបឹងកេងកងបន្តបិទទ្វារ ដើម្បីស្រាវជ្រាវ និងតាមដានសុខភាពអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា
ភ្នំពេញ ៖ ប្រមាណមួយសប្ដាហ៍មកហើយ ដែលអាជ្ញាធរ និងខាងសុខាភិបាលបានផ្អាកអាជីវកម្មហាងលក់ទំនិញ និងសំលៀកបំពាក់យីហោ PEDRO ដែលមានអាសយដ្ឋាន នៅមហាវិថីព្រះសីហនុ និងហាង Zando ដែលមានអាសយដ្ឋាននៅផ្លូវត្រសក់ផ្អែម ដើម្បីបន្តស្រាវជ្រាវ និងតាមដានសុខភាពអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
ហាងលក់ទំនិញ និងសំលៀកបំពាក់យីហោ PEDRO ដែលមានអាសយដ្ឋាននៅមហាវិថីព្រះសីហនុ និងហាង Zando ដែលមានអាសយដ្ឋាននៅផ្លូវត្រសក់ផ្អែម ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅតែបន្តបិទទ្វារនៅឡើយ ការបន្តបិទទ្វារនេះ គឺដើម្បីបន្តស្រាវជ្រាវអ្នកពាក់ព័ន្ធផង និងដើម្បីឱ្យប្រាកដថា ទីនោះ មានសុវត្ថិភាពល្អប្រសើរវិញក្នុងប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីបានបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហើយនោះ។
អាជ្ញាធរ បានឱ្យដឹងថា ជាតួលេខស្រាវជ្រាវហាងលក់ទំនិញ និងសំលៀកបំពាក់យីហោ PEDRO ដែលមានអាសយដ្ឋាននៅមហាវិថីព្រះសីហនុ និងហាង Zando ដែលមានអាសយដ្ឋាននៅផ្លូវត្រសក់ផ្អែម គឺមានមនុស្សសរុប ១១៦នាក់ ដែលត្រូវបន្តតាមដានសុខភាព ដោយធ្វើចត្តាឡីស័ក និងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យរុស្ស៊ី និងមន្ទីរពេទ្យបង្អែកចាក់អង្រែ ដែលក្នុងនោះនៅហាង PEDRO មានអ្នកពាក់ព័ន្ធចំនួន ៥៤នាក់ និងនៅហាង Zando មានអ្នកពាក់ព័ន្ធចំនួន ៦២នាក់ ។
ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលមេរោគកូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលបានទៅហាងលក់ទំនិញទាំងពីរខាងលើ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ សូមអញ្ជើញរួសរាន់មកធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញ ដោយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់រាជរដ្ឋាភិបាល។
ចំពោះលទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ក្រសួងសុខាភិបាលបានបង្ហាញឱ្យដឹងថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ចំនួន ៤,៩៩៤ សំណាក បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែមនៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញ ដែលជាថ្ងៃធ្វើតេស្តលើកទីពីរសម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា សរុបមានចំនួន ៣,៧៩២សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ដោយឡែក មាននៅសល់វត្ថុសំណាកចំនួន ៣,៧២៥សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី១០ ខែធ្នូនេះ។ បើសរុបជារួមគិតពីថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២០ មកដល់ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មានមនុស្សចំនួន ៣៩នាក់ហើយ ដែលត្រូវបានរកឃើញមាន វិជ្ជមានវីរុសកូវីដ–១៩៕ ប្រភព៖ BTVNews