គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លទ្ធផលនៃកិច្ចប្រជុំ AIMF ប៉ុន្មានថ្ងៃនេះរាជធានីភ្នំពេញ ទទួលបានគម្រោងសំខាន់ៗជាច្រើននៅឆ្នាំ២០២១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០​ |
    លទ្ធផលនៃកិច្ចប្រជុំ AIMF ប៉ុន្មានថ្ងៃនេះរាជធានីភ្នំពេញ ទទួលបានគម្រោងសំខាន់ៗជាច្រើននៅឆ្នាំ២០២១ លទ្ធផលនៃកិច្ចប្រជុំ AIMF ប៉ុន្មានថ្ងៃនេះរាជធានីភ្នំពេញ ទទួលបានគម្រោងសំខាន់ៗជាច្រើននៅឆ្នាំ២០២១

    ភ្នំពេញ​៖ លទ្ធផលនៃកិច្ចប្រជុំមហាសន្និបាតលើកទី៤០ និងកិច្ចប្រជុំការិយាល័យអចិន្រ្តៃយ៍លើកទី៩២ របស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ឬហៅថា AIMF ប៉ុន្មានថ្ងៃនេះរាជធានីភ្នំពេញ ទទួលបានគម្រោងសំខាន់ៗជាច្រើននៅឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង២លានដុល្លារសហរដ្ឋអាមេរិក។

    មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ថា ក្រោយកិច្ចប្រជុំមហាសន្និបាតលើកទី៤០ និងកិច្ចប្រជុំការិយាល័យអចិន្រ្តៃយ៍លើកទី៩២ របស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ឬហៅថា AIMF កាលពីថ្ងៃទី៩ និងទី១០ ខែធ្នូ ឆ្នាំ២០២០នោះ រាជធានីភ្នំពេញ ទទួលបានគម្រោងអនុវត្តសំខាន់ៗនៅឆ្នាំ២០២១ ជាច្រើន ដែលមានដូចជា គម្រោង “សុខមាលភាពនៅក្នុងទីក្រុង និងការគ្រប់គ្រងកាកសំណល់ភក់បង្គន់” ដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ២លានដុល្លារអាមេរិក ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញត្រូវចូលរួមបដិភាគចំនួន១០ម៉ឺនដុល្លារអាមេរិក សម្រាប់សាងសង់ស្ថានីយប្រព្រឹត្តិកម្ម ដែលថវិកាប្រមាណ២លានដុល្លានោះជាហិរញ្ញប្បទានឥតសំណងរបស់សមាគម និងដៃគូអភិវឌ្ឍជូនមករដ្ឋបាលរាជធានីភ្នំពេញ។

    មន្ដ្រីដដែលបន្ថែមថា មួយទៀតជា គម្រោង “ការត្រៀមខ្លួនឆ្លើយតបនឹងស្ថានភាពអាសន្ន និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩” ដែលមានទំហំទឹកប្រាក់ជិត២០ម៉ឺនដុល្លារអាមេរិក។ ហើយនៅក្នុងការបោះឆ្នោតកែសម្រួលសមាសភាពសមាជិកនៃការិយាល័យអចិន្ត្រៃយ៍ របស់សមាគមឡើងវិញ រាជធានីភ្នំពេញតំណាងឱ្យទីក្រុងនៅក្នុងទ្វីបអាស៊ី នឹងបន្តធ្វើជាសមាជិកការិយាល័យអចិន្ត្រៃយ៍សម្រាប់ឆ្នាំ២០២១–២០២២បន្តទៀត ដែលកិច្ចប្រជុំបន្ទាប់របស់ការិយាល័យអចិន្ត្រៃយ៍ នឹងប្រារព្ធធ្វើនៅទីក្រុងប័រដូ សាធារណៈរដ្ឋបារាំង នៅអំឡុងខែមីនា ឆ្នាំ២០២១។ សម្រាប់អង្គមហាសន្និបាតបានបោះឆ្នោតជ្រើសរើសទីក្រុងគីហ្គាលី ប្រទេសរ៉ាវ៉ាន់ដា ជាទីតាំងសម្រាប់ប្រារព្ធធ្វើមហាសន្និបាតលើកក្រោយ នៅអំឡុងខែកក្កដា ឆ្នាំ២០២១។

    មន្ត្រីដដែលឱ្យដឹងថា កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២ និងកិច្ចប្រជុំមហាសន្និបាតលើកទី៤០ របស់សមាគម AIMF ក្រោមប្រធានបទ “ទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថល” បានប្រារព្ធធ្វើនៅទីក្រុងទុយនីស ប្រទេសទុយនេស៊ី តាមវីដេអូបន្តផ្ទាល់ ស្របតាមការអញ្ជើញរបស់ លោកជំទាវ Anne HIDALGO អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម AIMF និងលោកជំទាវ Souad BEN ABDERRAHIM អភិបាលទីក្រុងទុយនីស៕ ប្រភព៖ BTVNews

    អត្ថបទទាក់ទង