សារមន្ទីរទួលស្លែង ទទួលរង្វាន់ Jikji នៃស្មារតីចងចាំពិភពលោកឆ្នាំ២០២០ របស់អង្គការយូណេស្កូ
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលទទួលបាននៅថ្ងៃទី៤កញ្ញានេះបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ អង្គកការយូណេស្កូពិភពលោកដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានសម្រេចផ្ដល់រង្វាន់ JIKJI នៃស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ ដល់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង លើសមិទ្ធផល នៃការខិតខំប្រឹងប្រែងក្នុងការអភិរក្សឯកសារ និងបណ្ណសាររូបថត ដែលជាមរតកឯកសារប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់មនុស្សជាតិ ។ ការសម្រេចផ្ដល់រង្វាន់ JIKJI នេះធ្វើឡើងយ៉ាងម៉ត់ចត់បំផុតពីគណកម្មការវាយតម្លៃ ដែលជ្រើសរើសចេញពីគណៈកម្មាធិការ ទីប្រឹក្សាអន្តរជាតិ នៃស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ។
កម្មវិធីរង្វាន់ Jikji ទទួលបានការគាំទ្រហិរញ្ញវត្ថុដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េតាមរយៈអង្គការយូណេស្កូ និងមានបំណងជំរុញ លើកទឹកចិត្ត ដល់ស្ថាប័នឯកជន-រដ្ឋដែលកំពុងបម្រើការលើការអភិរក្ស ថែរក្សា ព្រមទាំងផ្ដល់លទ្ធភាពដល់សាធារណជនអាចប្រើប្រាស់បេតិកភណ្ឌឯកសារដែលបេតិកភណ្ឌរបស់មនុស្សជាតិ។
សូមបញ្ជាក់ជូនថា កម្មវិធីជីកជីនៃស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ បង្កើតឡើងដើម្បីរំលឹកដល់ការដាក់បញ្ចូលសៀវភៅ BuljoJikji Since Yojeol ដែលបោះចេញពីពុម្ពលោហៈចាស់ជាងគេលើពិភពលោក នាអំឡុងពេលនៃកិច្ចប្រជុំប្រតិបត្តិរបស់អង្គការយូណេស្កូកាលពីមេសា ឆ្នាំ២០០៤។
រង្វាន់ JIKJI នៃស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ បានផ្ដល់ជូនបុគ្គល និងស្ថាប័នសាធារណៈ រៀងរាល់២ឆ្នាំម្ដង។ សារមន្ទីរទួលស្លែង ជាស្ថាប័នទី៨ ដែលទទួលបានរង្វាន់ប្រចាំឆ្នាំ២០២០នេះ ។
ការផ្តល់រង្វាន់នេះ ជាសក្ខីភាពមួយបង្ហាញពីស្មារតី នៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សហការជាមួយដៃគូអន្តរជាតិនានា ក្នុងការថែរក្សាឯកសារទុកជាភស្តុតាង សម្រាប់មនុស្សជាតិទាំងមូលសិក្សារៀនសូត្រ ដើម្បីការពារកុំឱ្យអំពើប្រល័យពូជសាសន៍ កើតឡើងសាជាថ្មីក្នុងប្រទេសកម្ពុជានិងពិភពលោក៕