ស្ថានទូតខ្មែរប្រចាំកូរ៉េខាងត្បូងបញ្ជាក់ថា ករណីពលការិនីខ្មែរម្នាក់ស្លាប់ គឺដោយសារជំងឺក្រិនថ្លើម
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានចេញសេចក្តីបំភ្លឺព័ត៌មានថា ករណីមានពលការិនីកម្ពុជាម្នាក់ស្លាប់ គឺដោយសារជំងឺក្រិនថ្លើមផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនដូចការផ្សព្វផ្សាយរបស់ក្រុមប្រឆាំងនោះឡើយ។ នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មានចេញកាលពីនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។
សេចក្តីបំភ្លឺព័ត៌មាននេះ បានសង្កត់ធ្ងន់ថា ក្រុមឧទ្ទាមក្រៅច្បាប់ ដែលតែងតែប្រឆាំង និងមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់មួយចំនួនតូច បានវាយប្រហារមកកាន់មន្ត្រីស្ថានទូតកម្ពុជា ដោយគ្មានមូលដ្ឋាន និងឆ្លៀតកេងចំណេញនយោបាយពីមរណភាពពលការិនីខាងលើ។ អំពើនេះ ស្ថានទូតកម្ពុជា បានធ្វើការថ្កោលទោស និងចាត់ទុកជាអំពើ អគុណធម៌ និងអមនុស្សធម៌ចំពោះប្រជាជាតិរបស់ខ្លួន។
ករណីខាងលើនេះ ក្រុមឧទ្ទាមក្រៅច្បាប់ បានចោទប្រកាន់ និងមិនផ្ដល់សច្ចៈធម៌ទៅដល់មន្ត្រីស្ថានទូតកម្ពុជា នៅសាធារណរដ្ឋកូរ៉េ អំពីការជួបជុំបងប្អូនប្រជាពលរដ្ឋខ្មែរ និងការចូលរួមនយោបាយផងដែរ។ ករណីនេះ ស្ថានទូតកម្ពុជា បានបញ្ជាក់ថា ក្រៅពីម៉ោងរដ្ឋបាល និងអគាររដ្ឋបាល មន្ត្រីស្ថានទូត ក៏ដូចជាពលរដ្ឋកម្ពុជាទូទៅ គឺមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ដូចមានចែងក្នុង មាត្រា៣៥ ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។
ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ជ្រាបជាព័ត៌មាន និងសូមជឿទុកចិត្តលើស្ថានទូតកម្ពុជា ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចកូរ៉េ ហើយកុំជឿលើ ការបំផ្លើស និងញុះញង់ របស់ក្រុមឧទ្ទាមមួយចំនួនតូច ដែលមាននិន្នាការប្រឆាំង ជាហេតុបណ្ដាលឲ្យខាតបង់ឧត្ដមប្រយោជន៍ជាតិ ប្រជាជន និងទំនាក់ទំនងល្អជាមួយភាគីកូរ៉េ។
យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០កន្លងមក ស្ថានទូតបានទទួលព័ត៌មានផ្លូវការពីប៉ូលីសកូរ៉េ អំពីការស្លាប់ពលការិនី ផ្នែកកសិកម្មឈ្មោះ នួន សុខខេង ដែលបានទទួលមរណភាពនៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៤៖៣០នាទីរសៀល ស្ថិតនៅតំបន់ផូឆន់។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា បន្ទាប់ពីបានទទួលរបាយការណ៍ផ្លូវការអំពីការធ្វើកោសល្យវិច្ឆ័យសាកសព ដែលផ្ដល់ដោយប៉ូលីសកូរ៉េនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ គឺពលការិនីឈ្មោះ នួន សុខខេង ខាងលើ បានស្លាប់បណ្ដាលមកពីមានជំងឺក្រិនថ្លើមផ្ទាល់ខ្លួនជាបញ្ហាចម្បង។យោងទៅតាមនីតិវិធីរបស់ប៉ូលីស ជាមួយនឹងកិច្ចអន្ដរាគមន៍ និងតាមដានរបស់ស្ថានទូត ការធ្វើកោសល្យវិច្ច័យនេះ នឹងត្រូវបញ្ជូនទៅតុលាការ និងរដ្ឋអាជ្ញា ធ្វើការស៊ើបអង្កេតមើលបន្តទៀត ដើម្បីឲ្យកាន់តែមានភាពច្បាស់លាស់ និងសុក្រឹត្យភាព។ ទន្ទឹមនេះ ស្ថានទូតកម្ពុជា បានទទួលការសូមទោសពីបណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកកូរ៉េមួយចំនួន និងបានកែតម្រូវអំពីមូលហេតុនៃការស្លាប់របស់ពលការិនីខាងលើឡើងវិញ ក្រោយពីពួកគេទទួលបានដំណឹងពីប៉ូលីសកូរ៉េដូចគ្នា។
បើតាមសេចក្តីបំភ្លឺនេះ ស្ថានទូតកម្ពុជា តែងតែជួយសម្របសម្រួលឯកសារ ចាត់ចែងតាមនីតិវិធីក្នុងការរៀបចំពិធីបូជាសព និងសហការជាមួយការិយាល័យមេធាវី ក្រុមអ្នកច្បាប់ ក្នុងការប្ដឹងទាមទារគ្រប់ករណីទាំងអស់ ដើម្បីរកយុត្តិធម៌ឲ្យមានតម្លាភាពជូនទៅដល់ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាការពារផលប្រយោជន៍របស់ពលរដ្ឋខ្មែរទាំងអស់។
ចំពោះស្ថានទូតកម្ពុជា និងស្ថានទូតតាមបណ្ដាប្រទេសបញ្ជូនពលករទាំង១៥ទៀត តែងតែលើកបញ្ហា នៃការស្នាក់នៅរបស់ពលករ បញ្ហាកូវីដ និងបញ្ហាផ្សេងៗ ទៅពិភាក្សា ជាមួយអាជ្ញាធរកូរ៉េ ជាពិសេសអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហា ឲ្យកាន់តែមានប្រសិទ្ធិភាព និងផ្ដល់ភាពកក់ក្ដៅទៅដល់ពលករទាំងអស់៕