ព្រលានយន្តហោះខេត្តមណ្ឌលគិរី គ្រោងនឹងសាងសង់នៅចុងឆ្នាំ២០២១នេះ
ភ្នំពេញ៖ កម្ពុជា កំពុងសិក្សាសាងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគិរី ដែលចុងឆ្នាំ២០២១នេះនឹងចាប់ផ្តើមសាងសង់ផ្លូវការហើយ។នេះបើតាមការឲ្យដឹងពីឯកឧត្តម ស៊ីនចាន់ សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល។
ឯកឧត្តម ស៊ីនចាន់ សិរីវុត្ថា បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល គឺរាជរដ្ឋាភិបាលអនុញ្ញាតឱ្យសាងសង់អាកាសយានដ្ឋានថ្មីមួយទៀត ស្ថិតនៅខេត្តមណ្ឌលគិរី ដែលជាខេត្តនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ហើយក្រុមហ៊ុនឯកជន Powerchina International Group កំពុងសិក្សាលើគម្រោងក្នុងការធ្វើឱ្យប្រសើរឡើង ដើម្បីឈានដល់ការចរាចរលើតុរវាងក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ ហើយនឹងបន្តឈានដល់កិច្ចព្រមព្រៀមសម្បទាន ទើបឈានដល់ការសាងសង់ ដូចនេះត្រូវចំណាយពេលវេលាយូរខែទៀតណាស់ ពោលគឺនឹងអាចឈានដល់ចុងឆ្នាំ២០២១នេះ ទើបចាប់ផ្តើមដំណើរការសាងសង់ព្រលានយន្តហោះនេះ។
អ្នកនាំពាក្យរូបនេះបន្តថា នៅពេលព្រលានថ្មីនេះកសាងរួចរាល់ នឹងផ្តល់ផលប្រយោជន៍ដល់វិស័យកសិ-ឧស្សាហ៍កម្ម,វិស័យ ទេសចរណ៍ វិស័យវិនិយោគ, វិស័យកសិកម្ម និងវិស័យដឹកជញ្ជួនទូទៅ ពិសេសគឺការធ្វើដំណើរកាន់តែមានភាពងាយស្រួល ដោយចំណេញពេលវេលាយ៉ាងច្រើនក្នុងការធ្វើដំណើរម្តងៗ
គួរបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះថ្មី នៅខេត្តមណ្ឌលគិរីនេះ រដ្ឋបាលខេត្តមណ្ឌលគិរីបានត្រៀមដីរបស់រដ្ឋរួចស្រេចប្រមាណ៦០០ហិកតា ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ ហើយខេត្តមណ្ឌលគិរី នៃតំបន់ភូមិភាគឦសាននេះនឹងក្លាយជាជំរើសទេសចរណ៍លំដាប់ទី៣ក្នុងប្រទេសកម្ពុជា បន្ទាប់ពីខេត្តជាប់មាត់សមុទ្រ ខេត្តកំពត ព្រះសីហនុ កែប កោះកុង និងខេត្តសៀមរាប៕