ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃស្អែកនេះ
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងរៀបចំឡើងនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ស្អែកនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
តបតាមការអញ្ជើញរបស់ ឯកឧត្ដម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ ដារ៉ូសាឡឹម ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
សេចក្ដីប្រកាសបន្តថា កិច្ចប្រជុំនេះ នឹងពិនិត្យមើលការអនុវត្តផែនការការងារនានាដែលសម្រេចដោយថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ស្ដីពីការពិនិត្យមើលឡើងវិញនូវផែនការលំអិតរបស់អាស៊ាន វិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាន ដោយផ្អែកលើបរិបទសកលលោកនាពេលបច្ចុប្បន្ន និងជំងឺរាតត្បាតជាសកលកូវីដ១៩ និងកំណត់ទិសដៅចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សាផងដែរ អំពីផែនការស្ដារសេដ្ឋកិច្ចអាស៊ាន ក្រោយពីជំងឺកូវី១៩ ព្រមទាំងការប្រាស្រ័យទាក់ទងជាមួយនឹងសហគមន៍ពិភពលោក។
សេចក្ដីប្រកាសបានឲ្យដឹងដែរថា ប្រទេសប្រ៊ុយណេដារ៉ូសាឡឹម នឹងដឹកនាំដំណើរការអាស៊ានឆ្នាំនេះ ក្រោមមូលបទ «យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចំរើន» ជាមួយនឹងចំណុចអាទិភាពគន្លឹះចំនួន៣ ដែលផ្ដោតសំខាន់ទៅលើ៖ ១. ប្រកាន់ខ្ជាប់នូវវប្បធម៌យកចិត្តទុកដាក់របស់អាស៊ាន, ២. ត្រៀមលក្ខណៈ និងសម្របខ្លួនសម្រាប់ពេលអនាគត និង ៣. បង្កើតឱកាសសម្រាប់កាលានុវត្តភាពរបស់ប្រជាជនអាស៊ាន៕