តើលោក Donald Trump នឹងធ្វើអ្វីបន្ត ក្រោយឈប់ពីប្រធានាធិបតី?
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ នឹងត្រូវផុតអាណត្តិជាប្រធានាធិបតី ហើយក្លាយជាពលរដ្ឋសាមាញ្ញម្នាក់របស់សហរដ្ឋអាមេរិក។ លោក ត្រាំ នឹងត្រូវចាកចេញពីសេតវិមាន ដោយបន្សល់ទុកនូវវិបត្តិ និងបញ្ហាដ៏ច្រើនសន្ធឹកសន្ធាប់ឱ្យលោក ចូ បៃដិន ដោះស្រាយបន្ត។ លោក ត្រាំ ត្រូវបានគេរាយការណ៍ថានឹងមិនចូលរួមក្នុង ពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន នៅរសៀលថ្ងៃពុធ ទី២០ ខែមករានេះទេ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយលោកនឹងជិះយន្ដហោះចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ទៅកាន់រដ្ឋផ្ល័ររីដា នៅម៉ោង៨ ព្រឹកថ្ងៃដដែល។
ជាទូទៅអតីតប្រធានាធិបតីអាមេរិកភាគច្រើន ក្រោយផុតអាណត្តិ ពួកគេតែងតែត្រឡប់ទៅធ្វើរឿងមួយចំនួនដូចជា លេងវាយកូនហ្គោល, និពន្ធសៀវភៅ, រកប្រាក់កម្រៃតាមរយៈ ការថ្លែងសុន្ទរកថាជាដើម។ ក៏ប៉ុន្តែ លោក ដូណាល់ ត្រាំ ដែលជាមនុស្សម្នាក់មិនចូលចិត្តអនុវត្តតាមក្រិតក្រមដែលគេកំណត់ឱ្យ ឬមនុស្សជាទូទៅធ្វើ ប្រហែលជានឹងមិនធ្វើរឿង ទាំងនេះទេ បើទោះជាលោកមិនទាន់បានបង្ហើបថាលោកនឹងធ្វើអ្វីជាបន្ត ក្រោយឈប់ធ្វើប្រធានាធិបតីក៏ដោយ។ ជាការពិតណាស់ មនុស្សដូចជាលោក ត្រាំ គឺពិបាកស្ទាបស្ទង់ចិត្ត ហើយអ្វីដែលគេអាចដឹងនោះគឺ ថានៅពេលឡើងកាន់អំណាច លោកបានធ្វើឱ្យពិភពលោកទាំងមូលភ្ញាក់ផ្អើល ដូច្នេះនៅពេលចុះចេញពីអំណាច លោក ត្រាំ ក៏ទំនងជានឹងមិន ចាកចេញទៅ ដោយស្ងាត់ៗ ដូចជាប្រធានាធិបតីអាមេរិកមុនៗ នោះដែរ។
ខាងក្រោមនេះគឺជារឿងមួយចំនួនដែលគេយល់ថាលោក ត្រាំ អាចនឹងធ្វើ ក្រោយឈប់ធ្វើជាប្រធានាធិបតី៖
*បន្តជំទាស់នឹងលទ្ធផលបោះឆ្នោត
អំពើហិង្សាដ៏បង្ហូរឈាម និងភាពចលាចលបង្កឡើងដោយក្រុមអ្នកគាំទ្ររូបលោក នៅឯវិមានសភា កាលពីថៃ្ងទី០៦ ខែមករាកន្លងទៅ ដែលបណ្ដាលឱ្យមនុស្ស៥នាក់ស្លាប់ បានបង្ហាញ យ៉ាងច្បាស់ថាលោក ដូណាល់ ត្រាំ នៅតែមានឥទ្ធិពលដដែល នៅក្នុងចំណោមអ្នកគាំទ្ររបស់លោក។ ទោះបីជាលោក ត្រាំ បានទទួលស្គាល់ថាអាណត្តិជាប្រធានាធិបតីរបស់លោក បានដល់ទីបញ្ចប់ក៏ដោយ តែលោកផ្ទាល់នៅតែបន្តប្រកាន់ជំហរដដែលថា ការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានលួចបន្លំ។
បើតាមសារព័ត៌មាន Politico លោក ត្រាំ បានដឹងយ៉ាងច្បាស់ថា លោកបានចាញ់នៅក្នុងការបោះឆ្នោត តែលោកនៅតែបន្តជំទាស់នឹងលទ្ធផលបោះឆ្នោត គឺដើម្បីកុំឱ្យប្រជាជន អាមេរិក បង្វែរចំណាប់អារម្មណ៍ចេញពីរូបលោក និងបំពេញតាមអ្វីដែលអ្នកគាំទ្រលោកចង់បាន។ បន្ថែមពីលើនេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើន ថែមទាំងបានរាយការណ៍ទៀត ផងថា ការជំទាស់លទ្ធផលបោះឆ្នោត បានក្លាយជាយុទ្ធសាស្ត្ររៃអង្គាសប្រាក់យ៉ាងជោគជ័យ ដោយលោក ត្រាំ រៃអង្គាសប្រាក់បានច្រើនជាង ២០០លានដុល្លារ ចាប់តាំងពីលោក ចាញ់នៅក្នុងការបោះឆ្នោតមក។
*ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសាជាថ្មី
ក្រុមអ្នកគាំទ្រ និងមន្ត្រីជាន់ខ្ពស់របស់លោក ដូណាល់ ត្រាំ មួយចំនួន ជឿជាក់ថាលោកអាចនឹងប្រកាសឈរឈ្មោះប្រកួតប្រជែងសាជាថ្មី នៅក្នុងការបោះឆ្នោតប្រធានាធិបតី អាមេរិក។ «ខ្ញុំពិតជារំពឹងយ៉ាងមុតមាំថា លោកប្រធានាធិបតី ត្រាំ នឹងនៅតែបន្តជីវិតនយោបាយ ដោយនឹងប្រកាសចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤»។ នេះគឺជាការលើកឡើងរបស់អតីតនាយសេនាធិការសេតវិមានស្ដីទី លោក Mick Mulvaney ពីរថ្ងៃក្រោយការបោះឆ្នោតកាលពីឆ្នាំ២០២០។
លោក Grover Cleveland គឺជាប្រធានាធិបតីអាមេរិកតែម្នាក់គត់ ដែលអាចកាន់អំណាចបានពីរអាណត្តិ ដាច់ដោយឡែកពីគ្នា (ពីឆ្នាំ១៨៨៥ ដល់ឆ្នាំ១៨៨៩ និងពីឆ្នាំ១៨៩៣ ដល់ឆ្នាំ១៨៩៧)។ លោក Cleveland ធ្លាប់បរាជ័យនៅក្នុងការបោះឆ្នោតសម្រាប់អាណត្តិទី២ របស់លោក ក្នុងឆ្នាំ១៨៨៨ ហើយ៤ឆ្នាំក្រោយ លោកបានចូលរួមក្នុងការបោះឆ្នោតជាថ្មី ដោយឡើងកាន់តំណែងជាប្រធានាធិបតី នៅឆ្នាំ១៨៩៣។
តែទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ជោគវាសនានយោបាយរបស់លោក ដូណាល់ ត្រាំ កំពុងស្ថិតនៅក្នុងដៃព្រឹទ្ធសភាអាមេរិក បន្ទាប់ពីសភាតំណាងរាស្ត្រអាមេរិក ចោទប្ដឹងដក តំណែងរូបលោកជាលើកទី២ ពីបទញុះញង់ឱ្យក្រុមកុបករគាំទ្ររូបលោក ធ្វើសកម្មភាពបះបោរចូលអុកឡុកវិមានសភា។ មកទល់នឹងថ្ងៃពុធនេះ ព្រឹទ្ធសភាអាមេរិក មិនបាន បើកសម័យប្រជុំជជែកលើការដកតំណែងរបស់លោក ត្រាំនោះទេ ដែលនេះមានន័យថា លោកនឹងមិនត្រូវបានគេដកតំណែង ហើយនៅថ្ងៃលោក បៃដិន ស្បថចូលកាន់តំណែង លោក ត្រាំ ក៏ផុតអាណត្តិជាប្រធានាធិបតីដែរ ឬក៏អាចនិយាយឱ្យងាយស្ដាប់ «គេមិនអាចដកតំណែងប្រធានាធិបតីម្នាក់ ដែលឈប់ធ្វើជាប្រធានាធិបតីនោះទេ»។ ប៉ុន្តែ ក្រោយ ចប់អាណត្តិ បើសិនជាព្រឹទ្ធសភាថ្មី ដែលនឹងត្រូវគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ធ្វើការចោទប្រកាន់ពីបទល្មើសណាមួយ នោះលោក ត្រាំ អាចនឹងត្រូវប្រឈមមុខនឹង ការដកសិទ្ធិ ឬហាមមិនឱ្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ជារៀងរហូតក៏ថាបាន។
*ក្លាយជាមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយ
អំឡុងអាណត្តិជាប្រធានាធិបតី អស់រយៈពេល៤ឆ្នាំមកនេះ លោក ដូណាល់ ត្រាំ ធ្លាប់បានដៀលប្រព័ន្ធផ្សព្វផ្សាយអាមេរិកធំៗ ជាច្រើន ក្នុងនោះរួមមាន CNN, Washington Post និង New York Times ថាជា «Fake News» ហើយលោកក៏ធ្លាប់ត្រូវបានគេរាយការណ៍ដែរថា មានបំណងបង្កើតទូរទស្សន៍ខ្លួនឯងមួយ ឈ្មោះថា «Trump TV»។ មុនធ្វើជា ប្រធានាធិបតី លោក ដូណាល់ ត្រាំ ធ្លាប់ជាតារាសម្ដែងម្នាក់តាមកញ្ចក់ទូរទស្សន៍ និងពេលខ្លះលេចមុខលើសង្វៀនកីឡាកាស ទៀតផង។ ដូច្នេះហើយ ទើបមានពាក្យចចាមអារ៉ាម ជាច្រើនថា លោក អាចនឹងបង្កើតទូរទស្សន៍មួយផ្ទាល់ខ្លួន ឬក៏សហការជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ ឬទូរទស្សន៍មាននិន្នាការអភិរក្សនិយមណាមួយ ដែលត្រូវបានបង្កើតឡើង នៅក្រោយពេលចាកចេញពីសេតវិមាន។
*ត្រឡប់ទៅដឹកនាំមុខជំនួញរបស់លោកវិញ
មុននឹងកា្លយជាអ្នកនយោបាយ លោក ដូណាល់ ត្រាំ ក៏ធ្លាប់ជាមហាសេដ្ឋីអចលនទ្រព្យម្នាក់ដែរ។ ក្រុមហ៊ុន Trump Organization របស់លោក មានជីវកម្មជាច្រើនដូចជា សណ្ឋាគារ និងកន្លែងវាយកូនហ្គោល ហើយលោកក៏មានទ្រព្យសម្បត្តិជាអចលនទ្រព ក្នុងទីក្រុង ម៉ុមបៃ, អ៉ីស្ដង់ប៊ូល និងហ្វីលីពីន ព្រមទាំងកន្លែងវាយកូនហ្គោល នៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឌូបៃ និងឥណ្ឌូណេស៊ី ផងដែរ។
បើតាមសារព័ត៌មាន New York Times លោក ដូណាល់ ត្រាំ បានខ្ចីប្រាក់ពីធនាគារជាង ៤០០លានដុល្លារ ដែលនឹងធ្លាក់មកដល់ដៃរបស់លោកនៅប៉ុន្មានឆ្នាំខាងមុននេះ ខណៈ លោក អះអាងថាវាគឺជាចំនួនតិចតួច បើធៀបទៅនឹងទ្រព្យសម្បតិ្តដុលរបស់លោក។
*ប្រឈមមុខនឹងពាក្យបណ្ដឹង
លោក ដូណាល់ ត្រាំ ក្នុងអាណត្តិជាប្រធានាធិបតីអាមេរិក ៤ឆ្នាំមកនេះ មានរឿងអាស្រូវផ្ទុះឡើងមិនចេះចប់ ហើយលោកត្រូវបានគេប្ដឹងជាច្រើន ក្នុងនោះរួមមានទាំងពាក្យបណ្ដឹង របស់ស្ត្រីពីរនាក់ ដែលចោទរូបលោកថាបានគំរាមកំហែងពួកនាង មិនឱ្យនិយាយពីទំនាក់ទំនងផ្លូវភេទជាមួយនឹងលោក កាលពីអតីតកាល។ មិនតែប៉ុណ្ណោះ សូម្បីតែក្មួយស្រីរបស់ លោកក៏បានប្ដឹងរូបលោក ពីបទគៃបន្លំ ស្របពេលក្រុមហ៊ុន Trump Organization ក៏ត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការគេចវេសមិនបង់ពន្ធជូនរដ្ឋ ផងដែរ៕
ប្រភព៖ FreshNews