គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ព្រឹត្តិការណ៍ នៃ​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Joe Biden ប្រធានាធិបតីអាមេរិកទី៤៦

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១​ |
    ព្រឹត្តិការណ៍ នៃ​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Joe Biden ប្រធានាធិបតីអាមេរិកទី៤៦ ព្រឹត្តិការណ៍ នៃ​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Joe Biden ប្រធានាធិបតីអាមេរិកទី៤៦

    អាមេរិក​៖ ​លោក Joe Biden បាន​ក្លាយជា​ប្រធានាធិបតីទី​៤៦ របស់​សហរដ្ឋអាមេរិកកាលពី​ថ្ងៃ​ពុធ​ទី​២០ មករា​ម៉ោង​នៅក្នុង​សហរដ្ឋអាមេរិក។​ ​លោក​បាន​ស្បថ​ចូលកាន់​តំណែង​ ដើម្បី​ផ្សះផ្សារ​ការបែក បាក់​គ្នា​យ៉ាង​ជ្រាលជ្រៅ​នៅក្នុង​ប្រទេស ហើយ​ទទួលយក​មរតក​នៃ​វិបត្តិ​ ដែលមាន​វិសាលភាព​ធំ​ជាង​អ្វីដែល​បានកើត​ឡើង ​នៅក្នុង​អាណត្តិប្រធានាធិបតី​កាន់តំណែង​មុន​របស់លោក​។​

    ទិដ្ឋភាព​នៅពេល​ព្រឹក​ព្រលឹម​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ​ត្រូវបាន​គេ​មើលឃើញថា​មាន​ព្រិល​ធ្លាក់ ប៉ុន្តែ​ក៏មាន​ព្រះអាទិត្យ​រះ​បណ្ដើរៗមុនពេល លោក ​Biden ស្បថ​ចូលកាន់​តំណែង​។​ ​ទាហាន​ស្ថិតក្នុង​ប្រដាប់​ការពារ​កុបកម្ម ​បាន​តម្រង់​ជួរ​តាម​ចិញ្ចើមផ្លូវ ​ប៉ុន្តែ​មិនមាន​មនុស្ស​ច្រើន​ទេ​។ រថពាសដែក​ និង​របាំង​បេតុង​បាន​បិទផ្លូវ​ដ៏​ស្ងាត់ជ្រងំ​។ របង​ចម្ងាយ​រាប់សិប​ម៉ា​យល៍ត្រូវបាន​ហ៊ុមព័ទ្ធ ​ចេញពី​ទីតាំង​ដ៏​សំខាន់បំផុត​របស់​ប្រទេស​នេះ​។​ រយៈពេល ៤ ម៉ោង​មុន​ពិធី​ស្បថ​ចូលកាន់​តំណែង លោក Donald Trump និង​ស្រី្ត​ទី​១ Melania បាន​ចាក​ចេញពី​សេត​វិមាន  ដែលជា​ការមិន​អុ​វត្ត​ន៍​តាម​ទំនៀមទម្លាប់​យៈ​ពេល ១៥២ឆ្នាំ​ដើម្បី​ក្លាយជា​ប្រធានាធិបតី​ដំបូង​គេ​ ដែល​មិន​ជួប​អ្នក​កាន់តំណែង​បន្ទាប់ពី​លោក​។​ លោក Trump រួមជាមួយ​ភរិយា​របស់លោក​គឺ​លោក​ស្រី្ត​ទី​១ Melania​ បាន​ចាក​ចេញពី​គេហដ្ឋាន​ដែល​ពួកគេ​បាន​ស្គាល់​អស់​រយៈពេល ៤ឆ្នាំ​មកហើយ​ ដើម្បី​ឡើង​ឧទ្ធម្ភាគចក្រ ​Marine One  និង​ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​។​

    លោក​ Donald Trump បាន​ថ្លែង​សុន្ទរកថា​ចុងក្រោយ​របស់លោក​ ក្នុងនាម​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅឯ​មូលដ្ឋាន​ទ័ពអាកាស​ Joint Base Andrews ​កាលពី​ថ្ងៃ​ពុធ​ ដោយ​បន្សល់ទុក​នូវ​កេរដំណែល​នៃ​ភាពវឹកវរ ​និង​ច្របូកច្របល់ និង​ប្រទេសមួយ​ដែល​ពោ​ពេញ​ដោយ​ការបែកបាក់​គ្នា​យ៉ាង​ស៊ីជម្រៅ​។ ប្រធានាធិបតី ​Donald Trump បាន​ថ្លែង​សុន្ទរកថា​លា​ចុងក្រោយ​របស់លោក​ ក្នុងនាម​ជា​ប្រធានាធិបតី​ទី៤៥ របស់​ប្រទេស​នេះ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ពី​មូលដ្ឋាន Joint Base Andrews នៅ​រដ្ឋ Maryland មុនពេល​ដែល​លោក​បាន​ឡើង​ឧ​ទ្ធ​ម្ភា​គ​ច្រក​Air Force One សម្រាប់​ការហោះហើរ​ទៅកាន់​គេហដ្ឋាន​របស់លោក​នៅរដ្ឋ Florida។​ ​លោកប្រធានាធិបតី​ជាប់ឆ្នោត Joe Biden និង​លោកស្រី​អនុ​ប្រធានាធិបតីជាប់ឆ្នោត Kamala Harris បាន​ទៅដល់​សម្រាប់​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​។​

    ​ពោ​ពេញ​ដោយ​សំឡេង​កងរំពង​ តារាចម្រៀង​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិកគឺ Lady Gaga បាន​ច្រៀង​ចម្រៀង​ជាតិនៅឯ​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក Joe Biden។​ ​លោកស្រី Kamala Harris បាន​ស្បថ​ចូលកាន់​តំណែង​ជា​អនុ​ប្រធានាធិបតី​ទី៤៦ របស់​សហរដ្ឋអាមេរិក​ ដែល​បាន​ក្លាយជា​ស្ត្រី​ទី១ ក្នុងការ​កាន់តំ​ណែង​នេះ​។​ នៅ​ម៉ោង 1:50ព្រឹក​ម៉ោង​នៅ​សហរដ្ឋអាមេរិក លោក Joe Biden បាន​ស្បថ​ចូលកាន់​តំណែងជា​ប្រធានាធិបតី​ទី​៤៦ របស់​សហរដ្ឋអាមេរិក​។ ​លោក Joe Biden បាន​ក្លាយជា​ប្រធានាធិបតី​ទី៤៦ របស់​សហ​រដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​ដោយ​ប្រកាសថា ​“លទ្ធិប្រជាធិបតេយ្យ​បាន​យកឈ្នះ​” ។ លោក​បាន​ស្បថ​ចូលកាន់​តំណែង​ ដើម្បី​ជួយ​ផ្សះផ្សារ​ការបែកបាក់​ជាតិ​ដ៏​ធ្ងន់ធ្ងរ និង​ទទួលយក​មរតក​នៃ​វិបត្តិ​ ដែលមាន​វិសាលភាព​ធំ​ជាង​អ្វីដែល​បានកើត​ឡើង​ នៅក្នុង​អាណត្តិប្រធានាធិបតីកាន់តំណែង​មុន​របស់លោក​។​

    ប្រធានាធិបតី ស្រី្ត​ទី​១ Jill Biden និង​អនុ​ប្រធានាធិបតី​ទើប​ស្បថ​ចូលកាន់​តំណែង​ Kamala Harris ​និង​ស្វាមី លោក Doug Emhoff បាន​ធ្វើជា​អធិបតេយ្យ​ក្នុង​ពិធី​ដាក់​កម្រងផ្កា​ នៅឯ​ផ្នូរ​ទាហាន​ដែល​មិន​ស្គាល់ឈ្មោះ កាល​ពី​ថ្ងៃ​ពុធ​។​ យ៉ាងហោចណាស់ក្រឹត្យ​ចំនួន​១៥ នឹងត្រូវ​លុបចោល​ដោយ​លោក​ Biden នៅ​ថ្ងៃ​ដំបូង​នៃ​ការឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​របស់លោក រួមទាំង​ការវិល​ចូល​ជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក  ដែល​លោក Trump បាន​ដកចេញ​កាលពី​ឆ្នាំ​២០២០ ព្រមទាំង​ការវិលត្រឡប់​ចូលក្នុង​កិច្ចព្រមព្រៀង ​បម្រែបម្រួល​អាកាសធាតុជាដើម​។​ ​ខណៈ​ដែល​ប្រឈម​នឹង​បញ្ហា​ធំៗ​ជាច្រើននៅពេល​ខាងមុខ តើ​លោក ​Biden នឹង​អាចធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ម្ដងទៀត​បាន​ដែរ ​ឬទេ? ប្រភព៖ BTV

    ពាក្យគន្លឹះទាក់ទង