ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី បន្តចុះផ្សព្វផ្សាយអប់រំ ណែនាំពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជូនពលរដ្ឋខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំដោយឯកឧត្ដម លេង ផាលី ប្រធានប្រតិបត្តិ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយអប់រំ ណែនាំ អំពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិតាំងស្រឹង និងភូមិស្រែវៀន ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្នុងការចុះផ្សព្វផ្សាយនេះក៏មានការចូលរួមសហការពីឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ, សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ, មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ, ស.ស.យ.ក ស្រុកឱរ៉ាល់, សមាគមអ្នកចែកចាយឱសថកម្ពិជា និងអាជ្ញាធរមូលដ្ឋានស្រុកផងដែរ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានចុះធ្វើការអប់រំ ណែនាំ អំពីវិធានការទប់ស្កាត់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយបង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងអំពីការរស់នៅស្អាត ប្រកបដោយអនាម័យល្អ ដោយលាងសម្អាតដៃនឹងអាកុល ឬសាប៊ូ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅពេលចាំបាច់ ហូបស្អាត គេងស្អាត ព្រមទាំងពាំនាំការសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លាឯកឧត្ដម ហ៊ុន ម៉ានី តំណាងរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា ប្រធាន ស.ស.យ.ក និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ដែលមានដូចជា ការចែកថ្នាំពេទ្យ និងពិនិត្យព្យាបាល រួមមាន៖ ជំងឺផ្លូវចិត្ត សន្លាក់ឆ្អឹង ក្រពះ ពោះវៀន ជំងឺទូទៅ ចែកថ្នាំ មុលទីវីតាម៉ីន វីតាម៉ីនសេ ព្រមទាំង អាកុល ចំណុះ ៣០លីត្រចំនួន ៣ធុង និង ១៦០ដបធំ ម៉ាស់ ១៣០០ម៉ាស់ ម៉ាស៊ីនវាស់កម្តៅចំនួន២គ្រឿង សាប៊ូចំនួន ៥៦២ដុំ ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ និងវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ចំនួន២០០សន្លឹក ស្បៀងអាហារមានជានំប៉័ង ៤០០ដើម និងទឹកសុទ្ធ ៣០ កេស ព្រមទាំងថ្នាំពេទ្យ និងការពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋចំនួន ១៣៥គ្រួសារ ដែលមានប្រជាពលរដ្ឋប្រមាណ ១៦២នាក់ តាមខ្នងផ្ទះតំបន់ដាច់ស្រយាល នៅភូមិតាំងស្រឹង និងភូមិស្រែវៀន ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាពិសេសថែមទាំងជួយកសាងទីស្នាក់គណបក្សប្រជាជនចំនួនបីឃុំគឺ ១.ឃុំរស្មីសាមគ្គី,២ ឃុំហោងសំណំ, ៣.ឃុំតាសាល។
ឯកឧត្តម លេង ផាលី បានលើកឡើងថា ការងារមនុស្សធម៌ចុះជួយប្រជាពលរដ្ឋរៀងរហូតមកគឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលលោកតែងខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់កាលទេសៈ ។
ប្រជាពលរដ្ឋទាំងអស់បានថ្លែងអំណរគុណជាខ្លាំងចំពោះឯកឧត្តមប្រធាន ហ៊ុន ម៉ានី និងក្រុមការងារទាំងអស់ចំពោះសកម្មភាពមនុស្សធម៌នេះ និងសូមគោរពជូនពរឯកឧត្តមប្រធាន និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ បានប្រកបដោយពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕