គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ឯកឧត្ដម​ នេត្រ ភក្ត្រា៖ កម្ពុជា គ្រោងស្នើសុំអង្គការយូណេស្កូដាក់ភ្នំត្បែងនៅខេត្តព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១​ |
    ឯកឧត្ដម​ នេត្រ ភក្ត្រា៖ កម្ពុជា គ្រោងស្នើសុំអង្គការយូណេស្កូដាក់ភ្នំត្បែងនៅខេត្តព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ឯកឧត្ដម​ នេត្រ ភក្ត្រា៖ កម្ពុជា គ្រោងស្នើសុំអង្គការយូណេស្កូដាក់ភ្នំត្បែងនៅខេត្តព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

    ព្រះវិហារ​៖ ឯកឧត្ដម​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា កម្ពុជាគ្រោង​នឹងរៀបចំ​បញ្ជីត្រៀម​សម្រាប់​ស្នើសុំ​ទៅអង្គការយូណេស្កូ ដើម្បី​ដាក់​ភ្នំត្បែង​ ដែលជា​រមណីយដ្ឋានទេសចរ​ណ៍​​ធម្មជាតិសម្បូរទៅដោយព្រៃឈើធំៗ ចូលជាបេតិកភណ្ឌធម្មជាតិពិភពលោក។

    ឯកឧត្ដម​ រដ្ឋលេខាធិការមានប្រសាសន៍បែបនេះ​ក្នុងអំឡុងពេលដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និង ក្រុមអ្នកសារព័ត៌មាន ទៅទស្សនាឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែង ភ្នំត្នោត – ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងខេត្តព្រះវិហារ នៅថ្ងៃទី ២៩ – ៣១ ខែមករាឆ្នាំ ២០២១ ដោយមានឧបត្ថម្ភគាំទ្រពីគម្រោងUSAID ព្រៃឡង់បៃតង និង អង្គការWCS។

    ឯកឧត្ដម​ នេត្រ ភក្ត្រា បានបញ្ជាក់ថា ភ្នំត្បែងជាតំបន់បេតិកភណ្ឌធម្មជាតិមួយក្នុងចំណោមតំបន់ធម្មជាតិ៣កន្លែងទៀត មានដូចជា ព្រែកកាំពី ដែនជម្រកសត្វព្រៃព្រែកប្រសព្វ និង សហគមន៍ការពារធម្មជាតិត្មាតប៉ើយ ដែលក្រសួងបរិស្ថាននិងក្រុមការងារពាក់ព័ន្ធបានត្រៀមដាក់ចូលក្នុងបញ្ជីត្រៀមបេតិកភណ្ឌធម្មជាតិពិភពលោកដើម្បីស្នើសុំទៅអង្គការយូណេស្កូ។

    យោងតាមឯកសារស្រាវជ្រាវបឋម តំបន់បេតិកភណ្ឌធម្មជាតិនេះនៅមានសេសសល់ព្រៃឈើ ដ៏សម្បូណ៌បែបដែលជាព្រៃស្រោង និង ព្រៃពាក់កណ្តាលស្រោង ហើយមានសារៈសំខាន់ខ្ពស់សម្រាប់ការអភិរក្សសត្វព្រៃ ការផ្តល់សេវាប្រព័ន្ធអេកូឡូស៊ី និង ធានានូវការផ្គត់ផ្គង់ទឹកសាបដល់សហគមន៍រស់នៅជុំវិញតំបន់នេះ។ថនិកសត្វជិតផុតពូជ និង រងគ្រោះថ្នាក់ជាច្រើនប្រភេទ រួមមាន ទោចម្កុដ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ប្រើស ឆ្កែព្រៃ ឆ្មាដាវ ស្វាព្រាម រញីប្រផេះប្រចៀវភ្នំត្បែង និង មានសត្វព្រៃជាច្រើនប្រភេទផ្សេងទៀត ត្រូវបានគេដឹងថា មានវត្តមាននៅក្នុងតំបន់នេះ។

    ប្រភេទឈើសំខាន់ៗនៅមានវត្តមាននៅឡើយក្នុងតំបន់នេះ ដូចជា នាងនួន ដូងចែម ធ្នង់ បេង ក្រញូង តាត្រាវ ផ្ដៀក គគីរ កកោះ ឈើទាល និង មានរុក្ខជាតិច្រើនប្រភេទ ដូចជា កេសកូល(អរគីដេ) យិនស៊ិនភ្នំត្បែង រុក្ខជាតិឱសថបុរាណ ដូចជា វល្លិគុយ មុខឈ្នាង ឆ្កែស្រែង(ថ្នាំព្យាបាលក្រពះ)ដើមគោមួយ ជើងចាប អន្ទង់ស។ជាងនេះទៅទៀត មានរូងប្រចៀវ និង ទឹកធ្លាក់ជាច្រើនកន្លែង។

    តំបន់បេតិកភណ្ឌធម្មជាតិនេះ មានទិដ្ឋភាពព្រៃឈើស្រស់ស្អាត រួមជាមួយនឹងតំបន់ទឹកធ្លាក់ជាច្រើនកន្លែង ដូចជា ទឹកធ្លាក់តាំងយូ ទឹកធ្លាក់ចាក់អង្រែ ទឹកធ្លាក់អន្លង់ស្វាយ ពើងព្រះរយគួបផ្សំជាមួយសត្វព្រៃ វត្តតាំងយូ និង មានទីតាំងជំនឿជាច្រើនកន្លែងដែលដើមឡើយអ្នកភូមិនិយាយថា ភ្នំត្បែងស័ក្តិសិទ្ធខ្លាំងណាស់ ហើយគេនៅតែមានជំនឿ រួមទាំងជនជាតិគួយផងដែរ ។ ទាំងនេះបង្ហាញថា មានសក្តានុពលខ្ពស់ទាំងសម្បត្តិធនធានធម្មជាតិ និង ជំនឿផ្សេងៗដែលត្រូវរួមគ្នាថែរក្សាការពារទុកឱ្យមានជានិរន្តរ៍៕

    អត្ថបទទាក់ទង