កម្ពុជា-កូរ៉េខាងត្បូង បញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Yoo Myung-hee រដ្ឋមន្ត្រីពាណិជ្ជកម្មនៃ សាធារណរដ្ឋកូរ៉េ បានប្រកាសរួមគ្នាអំពីការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េខាងត្បូង (CKFTA) តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ។ កម្មវិធីនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីជាន់ខ្ពស់ និងភ្ញៀវកិត្តិយសមកពីស្ថាប័ន សាធារណៈ និងវិស័យឯកជន នៃប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងនេះ មានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែមានភាពទូលំទូលាយ ដោយផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត។ បន្ថែមលើសពីនេះប្រទេសទាំងពីរជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ អាចជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរបានឆាប់រហ័ស ក្នុងកំឡុងពេល និងក្រោយពេលដែលមានការរាតត្បាតជាសកលនៃជំងឺកូវីដ១៩៕