សម្ដេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំងដែលទទួលបានពីមិត្តចិន នៅថ្ងៃទី១០កុម្ភៈខាងមុខ
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា សម្ដេច រួមនឹងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត នឹងចាក់វ៉ាក់សាំងដែលទទួលបានពីមិត្តចិននៅថ្ងៃទី១០កុម្ភៈខាងមុខនេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យទី៧កុម្ភៈ២០២១ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។
ម៉ោង៨និង៣០នាទីថ្ងៃទី១០កុម្ភៈ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។
ការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង។»
ជាមួយគ្នានេះដែរ សម្ដេចតេជោ បានជំរាបជូនបន្ថែមថា ថ្ងៃនេះជាខួបមួយឆ្នាំ នៃដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន(៥ កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១)ដែលជាទស្សនកិច្ចមានអត្ថន័យដ៍ជ្រាលជ្រៅ នៃចំណងមិត្តភាព សាមគ្គីភាពក្នុងដំណាក់កាលដែលប្រទេសចិនកំពុងផ្ទុះឡើង នៃជំងឺកូរ៉ូណា ដែលក្រោយនេះហៅថាកូវីដ១៩ ដែលពេលនោះសម្ដេចបានប្រើពាក្យថា (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណផងដែរដល់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ឯកឧត្តមនាយករដ្ឋមន្ត្រី លី កឺឈាង និងថ្នាក់ដឹកនាំចិនផ្សេងទៀត ដែលបានទទួលសម្ដេច និងគណៈប្រតិភូ ជាពិសេសបានជួយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិនរាប់ទាំងនៅទីក្រុងវូហានផងអោយជៀសផុតពីជំងឺឆ្លង និងទទួលបាននូវការសិក្សាប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិនជាមិត្ត៕