គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១​ |
    រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា

    ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម បណ្ឌិត  ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដើម្បីពិភាក្សាអំពីថ្នាំបង្ការជំងឺកូវីដ-១៩ និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ កាលពីល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសាទរចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌា ដែលបានអភិវឌ្ឍ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២ប្រភេទ ប្រកបដោយជោគជ័យ និងបានថ្លែងកោតសរសើរកាយវិការមនុស្សធម៌ជាអន្តជាតិរបស់ឥណ្ឌា ចំពោះការបរិច្ចាគ និងលក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាប់លានដូសដល់ប្រទេសជាច្រើន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌាផងដែរ ដែលបានអនុម័តផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១សែនដូស ដល់កម្ពុជា តាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា ផ្អែកលើកិច្ចសន្យាពាណិជ្ជកម្ម ទោះបីជាមានការប្រកួតប្រជែងនិងសំណើជាច្រើនពីប្រទេសដៃគូ និងតម្រូវការក្នុងស្រុកក៏ដោយ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនសមភាគីឥណ្ឌាថា កម្ពុជាត្រូវការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូស ដោយស្នើសុំឱ្យភាគីឥណ្ឌាផ្គត់ផ្គង់ វ៉ាកសាំងនេះក្នុងដំណាក់កាលដំបូង ចំនួន ១លានដូស។

    ក្នុងឱកាសនោះ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីឥណ្ឌា ដោយសារកម្ពុជា និងឥណ្ឌាមានប្រវត្តិទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងម្យ៉ាងទៀតដោយសារប្រជាជនកម្ពុជាជឿទុកចិត្តលើថ្នាំពេទ្យ និងសេវាសុខភាពរបស់ឥណ្ឌា ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធិភាពខ្ពស់។

    ជាការឆ្លើយតប ឯកឧត្តម ចៃហ្សានកា បានជម្រាបជូន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ថា បច្ចប្បន្ននេះ ប្រទេសឥណ្ឌាមានតម្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខ្ពស់ ទាំងតម្រូវការក្នុងស្រុក និងក្រៅស្រុក។ ឯកឧត្តម បានបញ្ជាក់ច្បាស់ថា ដោយសារ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់សំណើទៅ ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ហើយប្រទេសឥណ្ឌាចាត់ទុក សម្តេចតេជោនាយករដ្ឋមន្រ្តី ជាឥស្សរជនដ៏សំខាន់ និងជាថ្នាក់ដឹកនាំដ៏គួរឱ្យគោរព ឯកឧត្តម នឹងរាយការណ៍សំណើសុំទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូស នេះ ជូនឯកឧត្តមនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ព្រមទាំងបានសន្យាថា នឹងខិតខំជួយកម្ពុជាឲ្យទទួលបានវ៉ាក់សាំង៕

    អត្ថបទទាក់ទង