គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កងពលតូចលេខ៧០  បានរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីបញ្ជាការកងពលចោមចៅ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១​ |
    កងពលតូចលេខ៧០  បានរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីបញ្ជាការកងពលចោមចៅ កងពលតូចលេខ៧០  បានរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីបញ្ជាការកងពលចោមចៅ

    ភ្នំពេញ៖  នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កងពលតូចលេខ៧០  បានរៀបចំ ចាក់វ៉ាក់សាំងការពារកូវីដ-១៩  នៅទីបញ្ជាការកងពល ដែលមានអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកចំនួន៥អង្គភាពមានដូចជា៖ កងពលតូចលេខ៧០, យោធភូមិភាគ១ ,យោធភូមិភាគ២, បញ្ជាការដ្ឋានវិស្វកម្ម  ក.ទ.គ ,បញ្ជាការដ្ឋានការពារអាកាស  ក.ទ.គ។

    សូមជំរាបថា ការចាក់វ៉ាក់សាំងនេះក្រោមអធិបតីភាព  ឯកឧត្តម នាយឧត្តមសេនីយ៍  នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ  ឯកឧត្តម នាយឧត្តមសេនីយ៍  ស៊ុ  សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ   ឯកឧត្តម  ឧត្តមសេនីយ៍ឯក  ម៉ៅ  សុផាន់  មេបញ្ជាការកងពលតូចលេខ៧០  និងមេបញ្ជាការនៅតាមបណ្តាអង្គភាពដែលពាក់ព័ន្ធដ៏ទៃទៀត។

    សូមបញ្ជាក់ ថា  ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានដឹកនាំមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ កងពលតូចលេខ៧០ ចាក់វ៉ាក់សាំងស៊ីណូហ្វាម ប្រឆាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន។

    ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានមានប្រសាសន៍ទៅកាន់នាយទាហាន ពលទាហានទាំងអស់ថា ត្រូវជឿជាក់លើវ៉ាក់សាំងស៊ីណូហ្វាមនេះ ព្រោះទម្រាំផលិតបានវ៉ាក់សាំងមួយ គឺមានការគិតគូរ និងសិក្សាល្អិតល្អន់ជាទីបំផុត ដូច្នេះកុំមានការព្រួយបារម្ភនៅពេលចាក់ ដោយគ្រាន់តែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ។

    មួយវិញទៀត ត្រូវជឿជាក់លើការសម្រេចចិត្តដ៏ត្រឹមត្រូវ និងខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលទទួលយកវ៉ាក់សាំងស៉ីណូហ្វាមនេះ មកចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ពីសំណាក់សាធារណៈរដ្ឋប្រជាមានិតចិន។

    វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំងស៊ីណូហ្វាមទាំងនេះ បានត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស៕

    អត្ថបទទាក់ទង