វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសដែលកម្ពុជាទិញពីមិត្តចិន នឹងមកដល់នៅថ្ងៃស្អែកនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសឱ្យដឹង ថា វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូស ដែលកម្ពុជាបញ្ជាទិញ នឹងដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា ស្អែកនេះ។
ស្ថានទូតចិន បានគូសបញ្ជាក់ថា ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។
ស្ថានទូតចិន បង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។
សូមបញ្ជាក់ថា នេះជាវ៉ាក់សាំងដែលបញ្ជាទិញលើកទី២ហើយ ដែលនឹងដឹកមកដល់កម្ពុជា ខណៈដែលវ៉ាក់សាំងស៊ីណូវ៉ាក់ទិញលើកទី១ ចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១កន្លងទៅ៕
អត្ថបទទាក់ទង