ទេសរដ្ឋមន្ត្រី ឆាយ ថន ស្នើអាជ្ញាធរកំណត់អត្តសញ្ញាណគ្រួសារក្រីក្រឲ្បបានច្បាស់លាស់ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល អំឡុងវិបត្តិកូវីដ១៩
ឯកឧត្ដម ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ស្នើឲ្យក្រុមប្រឹក្សាប្រឹក្សាឃុំ-សង្កាត់ មេភូមិ និងផ្នែកពាក់ព័ន្ធ មេត្តាធ្វើយ៉ាងណាកំណត់អត្តសញ្ញាណគ្រួសារក្រីក្រឲ្យច្បាស់លាស់ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលអំឡុងវិបត្តិកូវីដ១៩។
ឯកឧត្ដមបានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំសង្កាត់ និងគ្រួសារក្រីក្រចំនួន ៣ខេត្ត (ខេត្តកែប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ) នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋានខេត្តពាក់ព័ន្ធផងដែរ។
ឯកឧត្ដមបានលើកឡើងថា ដោយសារវិបត្តិកូវីដ១៩ បានធ្វើឲ្យសេដ្ឋកិច្ចរបស់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា រងផលប៉ះពាល់យ៉ាងខ្លាំង ពិសេសគឺពលរដ្ឋក្រីក្រ។
ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ ការឧបត្ថម្ភសាច់ប្រាក់នេះបានធ្វើឡើងចំនួន ៣លើក រួចមកហើយដែលមានគ្រួសារក្រីក្រសរុបប្រមាណ ៦៧ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនសរុបចំនួនប្រមាណ ២លាន៧សែននាក់ ហើយក្នុងនោះយើងក៏បានដកបណ្ណសមធម៌ដែលមានភាពមិនប្រក្រតី និងគ្រួសារដែលមានជីវភាពប្រសើរ បានចំនួនប្រមាណជាង ១ម៉ឺន១ពាន់គ្រួសារ ផងដែរ ៕