រោងចក្រចម្រាញ់រ៉ែមាសលើកដំបូងនៅកម្ពុជាចាប់ផ្ដើមបើកដំណើរការហើយនៅថ្ងៃនេះ
ភ្នំពេញ៖ ការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មនៅកម្ពុជា ដែលស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគីរីចាប់ផ្តើមបើកដំណើរការចម្រាញ់ហើយ នៅថ្ងៃទី ២១ មិថុនា ២០២១ នេះ ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពបើកឱ្យដំណើរការសកម្មភាពចម្រាញ់រ៉ែមាសលើកដំបូង របស់ក្រុមហ៊ុន រ៉េណេសសង់ មីនីរ៉ល ខេមបូឌា លីមីតធីត ( Renaissance Mineral Cambodia Limited,.) និងរោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មនៅកម្ពុជា ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។
យោងតាមសារលិខិត សម្តេចតេជោ ហ៊ុន សែន ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា បញ្ជាក់ថា ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ ឆ្នាំ ក្រុមហ៊ុន រ៉ឺនសង់ មីនីរ៉ល ខេមបូឌាលីមីតធីតជាក្រុមហ៊ុនអូស្ត្រាលី ទី១ ដែលចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបាន ផលិតចេញនៅថ្ងៃនេះជាមាសដុំពាក់កណ្ដាលសម្រេចដែលមានអត្រាមាស៩០% ។ តាមរបាយការណ៍សមិទ្ធិលទ្ធភាពដែលបានផ្ដល់ក្រុមហ៊ុន រ៉ឺនសង់ មីនីរ៉ល ខេមបូឌាលីមីតធីតអាចផលិតមាសសុទ្ធបាន ប្រមាណ៣(បី)តោន ក្នុងមួយឆ្នាំសម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថា នឹងអាចពង្រីកលទ្ធភាពអាជីវកម្ម បន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។