គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ពលរដ្ឋស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៤លាន​ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១​ |
    ពលរដ្ឋស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៤លាន​ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន ពលរដ្ឋស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៤លាន​ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន

    ភ្នំពេញ៖ គណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុង​ក្របខណ្ឌទូទាំងប្រទេស​ បានរកឃើញ​អ្នក​ដែល​ស្ម័គ្រចិត្ត​ចាក់វ៉ាក់សាំងកូវីដ-១៩ ទី៤លាន​ គឺលោក​ សូ សយ អាយុ​ ៦៥ឆ្នាំ​ គាត់ជាអតីតយុទ្ធជន និងជាយុទ្ធជនពិការ​ជើងឆ្វេងដែលសព្វថ្ងៃរស់នៅភូមិប្រទាល ឃុំអណ្តូងទឹង ស្រុកបុទុមសាគរ ខេត្តកោះកុង។

    នៅព្រឹកថ្ងៃទី២៩មិថុនានេះ​ លោកជំទាវ វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)​ បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន​ ១០លានរៀល​ និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ទៅប្រគល់ជូនដល់លោក​ សូ សយ ដែលជាអ្នកស្ម័គ្រចិត្ត​ចាក់វ៉ាក់សាំងកូវីដ-១៩​ លេខរៀងទី ៤លាន​ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។

    សូមជម្រាបជូន​​ថា​ កាលពីថ្ងៃទី​២៨ ខែមិថុនា​ ឆ្នាំ២០២១​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី បាន​ប្រកាស​លើ​បណ្ដាញសង្គម​ហ្វេសប៊ុក​ផ្លូវការយ៉ាងដូច្នេះថា «កាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដល់ចំនួន៣លាននាក់។ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ នេះយើងចាក់បានជាង៤លាននាក់ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្សដែលទទួលដូសទី៤លាន គឺបានទៅប្អូនប្រុសឈ្មោះសូ សយ អាយុ៦៥ឆ្នាំ ជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃរស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។»

    សម្ដេចតេជោ​ បាន​ចូលរួមអបអរសាទរ និងសម្រេចជួយឧបត្ថម្ភនូវថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ។ ជាមួយគ្នានេះដែរ សម្ដេចតេជោបាន​ថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាជនយើង។ សម្ដេចតេជោ ក៏បានអរគុណផងដែរចំពោះមិត្តចិនដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំង៤០ភាគរយនៃចំនួនដែលត្រូវចាក់។ ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេមកដល់ពេលនេះកុំថាឡើយយើងចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ក៏យើងមិនអាចចាក់បានផង ហើយយើងច្បាស់ជាកំពុងស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ។

    សូមបញ្ជាក់ជូនថា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ធ្លាប់បាន​ផ្ដល់​ជំនួយឧបត្ថម្ភទឹកប្រាក់​លើកទឹកចិត្តដល់អ្នកចាក់វ៉ាក់សាំង ៣លើករួចមកហើយ​ដោយ​៖ អ្នកចាក់វ៉ាក់សាំងទី១លាន បាន​ទៅលើលោក​ ប៉ាន់ សុវណ្ណរិទ្ធ, អ្នកចាក់វ៉ាក់សាំងទី២លាន បាន​ទៅលើ​កម្មការរិនីរោងចក្រ ទិត ចិន្តា និងអ្នកចាក់វ៉ាក់សាំងទី៣លាន បានទៅលើឈ្មោះ លោក​ស្រី ស៊ុ សំអឿន៕

    អត្ថបទទាក់ទង