ម្តាយសកម្មជនក្រុមប្រឆាំង ហេង ណុប ហៅបាលី បង្ហាញភស្តុតាងដាស់ស្មារតីកូនខ្លួនឡើងវិញ ក្រោយកូនប្រកាសមិនស្គាល់ម្តាយ
ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី ស៊ូ សូរី ជាមេភូមិ៥ សង្កាត់វាលវង់ ខណ្ឌ៧មករា និងត្រូវជាម្តាយរបស់សកម្មជនក្រុមប្រឆាំងម្នាក់ឈ្មោះ ហេង ណុប ហៅអ្នកគ្រូបាលី បានចេញវីដេអូមួយទៀតដែលជាការបង្ហាញភស្តុតាងកាន់តែច្បាស់ (សំបុត្រកំណើត និងរូបថត) ដើម្បីដាស់ស្មារតីកូនខ្លួនឡើងវិញ ក្រោយពេលដែលសកម្មជនក្រុមប្រឆាំងនេះប្រកាសមិនទទួលស្គាល់ម្តាយ។
សកម្មជនក្រុមប្រឆាំងម្នាក់ឈ្មោះ ហេង ណុប ហៅអ្នកគ្រូបាលី គឺជាអ្នកបង្កើតពាក្យចចាមអារ៉ាមថា «សម្តេចតេជោ ហ៊ុន សែន ទទួលមរណភាព» បន្ទាប់ពីទទួលភាពល្បីល្បាញដោយសារការជេរប្រមាថ តាមបណ្តាញសង្គម។ ស្រ្តីរូបនេះអះអាងថា ខ្លួនរស់នៅប្រទេសបារាំង ហើយមានស្វាមីជាជនបរទេសផងដែរ។
កាលពីថ្ងៃទី០៦កក្កដាម្សិលមិញ លោកស្រី ស៊ូ សូរី បានចេញមុខសុំអភ័យទោសសម្តេចតេជោ ហ៊ុន សែន ជាសាធារណៈជំនួសកូនស្រី។ ក្នុងវិដេអូ សុំអភ័យទោសនេះ លោកស្រី ស៊ូ សូរី ដែលជាម្តាយរបស់ស្រ្តីឈ្មោះ ហេង ណុប ជាសកម្មជនក្រុមប្រឆាំងនៅក្រៅប្រទេស បានអះអាងថា កូនស្រីរបស់លោកស្រី មិនសូវជាដឹងខុសត្រូវនោះទេ។
លោកស្រីបានពន្យល់ទៅកាន់កូនស្រីថា ការរស់រានមានជីវិតរបស់នាងសព្វថ្ងៃនេះ ក៏ដោយសារតែគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានរំដោះប្រទេសឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតផងដែរ។ លោកស្រីបានរំលឹកអំពីគុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះជាតិមាតុភូមិ ដែលនាំមកនូវភាពសុខសន្តិភាពដល់សព្វថ្ងៃ៕ ប្រភព៖ ខ្មែរតែមួយ