ក្រសួងសុខាភិបាលប្រកាសចាក់វ៉ាក់សាំងដូសទី៣ ដល់ក្រុមគ្រូពេទ្យជួរមុន និងមន្ត្រីរាជការក្នុងខេត្តចំនួន៧ នៅជាប់ព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ AstraZeneca ដូសជំរុញ ឬដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង Sinopharm ឬ Sinovac ដល់ក្រុមគ្រូពេទ្យជួរមុខ និងមន្ត្រីរាជការខេត្តចំនួន៧ នៅជាប់ព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងចាក់វ៉ាក់សាំងកូវីដ១៩ AstraZeneca ជាដូសជំរុញ ឬដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) ឬស៊ីណូវ៉ាក់ (Sinovac) ជូនដល់ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) ដល់មន្ត្រីរាជការនៅខេត្តចំនួន ៧ (ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្ដរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ) មន្ត្រីជាប់កិច្ចសន្យា កងទ័ព គ្រួសារកងទ័ព នគរបាល និងអតីតយុទ្ធជន។ ការចាក់វ៉ាក់សាំងដូសទី៣នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១តទៅ។