គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លិខិតមិត្តអ្នកអាន៖ «ព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន គឺជាការរំលឹកមេរៀនប្រវត្តិសាស្ត្រ កុំឲ្យខ្មែរភ្លេចខ្លួន»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១​ |
    លិខិតមិត្តអ្នកអាន៖ «ព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន គឺជាការរំលឹកមេរៀនប្រវត្តិសាស្ត្រ កុំឲ្យខ្មែរភ្លេចខ្លួន» លិខិតមិត្តអ្នកអាន៖ «ព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន គឺជាការរំលឹកមេរៀនប្រវត្តិសាស្ត្រ កុំឲ្យខ្មែរភ្លេចខ្លួន»

    ក្រោយលើកទ័ពចូលលុកលុយ និងកាន់កាប់អស់រយៈពេល២០ឆ្នាំក្រោមលេសធ្វើសង្គ្រាមប្រឆាំងក្រុមបណ្តាញភេរវជន និងផ្តួលរំលំរបបផ្តាច់ការ ទីបំផុតអាមេរិកបានសម្រេចចិត្តដកទ័ពចេញពីអាហ្វហ្កានីស្ថានវិញដោយទុកឲ្យប្រជាជននៃ ប្រទេសនេះរស់តាមយថាកម្មរបស់ខ្លួន។ ក្រុមតាលីបង់ដែលអាមេរិកបានធ្វើសង្គ្រាមប្រឆាំងអស់រយៈពេលពីរទសវត្សរ៍ ក៏បានវាយដណ្តើមកាន់កាប់ទីតាំងសំខាន់ៗមកវិញ ហើយកំពុងរុលចូលទៅកាន់ទីក្រុងកាប៊ុលដែលជារដ្ឋធានីរបស់អាហ្វហ្កានីស្ថាន។ រូបភាពដែលផ្សាយដោយសារព័ត៌មានបរទេសបានបង្ហាញឲ្យឃើញអំពីការរត់គេចពីសង្គ្រាមរបស់ប្រជាជនអាហ្វហ្កានីស្ថានយ៉ាងប្រសេចប្រសាចក្រោមស្នូរគ្រាប់កាំភ្លើងលាន់លឺកងរំពង និងក្រោមការគំរាមកំហែងរបស់កងទ័ពតាលីបង់។

    អ្វីដែលគួរឲ្យអណោចអធមបំផុតនោះ គឺស្ត្រីនិងកុមារដែលរត់ភៀសខ្លួនពីគ្រាប់កាំភ្លើង។ ជីវិតរស់នៅក្រោមដំបូលតង់, រូបភាពមនុស្សឈរតម្រង់ជួរគ្នាដើម្បីទទួលបានទឹក និងចំណីអាហារ, រូបភាពអាគារបាក់បែកដោយសារសង្គ្រាម, រូបភាពអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ដែលបង្កឡើងដោយសង្គ្រាម, រូបភាពមនុស្សរងរបួសនិងស្លាប់ បាននិងកំពុងបង្ហាញឡើងនៅក្នុងប្រទេសដែលបានចាត់ទុកអាមេរិកជាទីពឹងអស់រយៈពេល២០ឆ្នាំ។ សម្រាប់ប្រជាជនកម្ពុជាដែលធ្លាប់ហែលឆ្លងកាត់ស្ថានភាពដូចគ្នាកាលពីអតីតកាល និងធ្លាប់ភ្លក់រសជាតិសង្គ្រាមកាប់សម្លាប់យ៉ាងឆ្អែតឆ្អន់ទៅហើយនោះ ប្រាកដជាគ្មានអ្វីក្រៅពីក្តីរន្ធត់ តក់ស្លុត និងការសោកស្តាយ អាណិតអាសូរចំពោះប្រជាជនអាហ្វហ្កានីស្ថាននោះឡើយ។

    សោកនាដកម្មដែលកំពុងកើតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននាពេលនេះ មិនមែនជារឿងថ្មីថ្មោងនោះទេ ប៉ុន្តែ «វាគឺជាការដើរជាន់ដានចាស់របស់សហរដ្ឋអាមេរិក»តែប៉ុណ្ណោះ។ ប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាម ក៏ដូចជាមនុស្សជាច្រើនទៀតនៅក្នុងពិភពលោក ពិតជានៅចងចាំបាននូវ «ព្រឹត្តិការណ៍ដែលបានកើតឡើងនៅកម្ពុជា និងវៀតណាម កាលពីកន្លះសតវត្សរ៍កន្លងទៅ»។ កាលណោះ សហរដ្ឋអាមេរិកដែលនៅពីក្រោយរបបសាធារណរដ្ឋខ្មែរដឹកនាំដោយ សេនាប្រមុខ លន់ នល់ បានជួយឲ្យរបបនេះបានកាន់អំណាចក្រោយពីធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ នាថ្ងៃ១៨ មីនា ១៩៧០ ។ ប៉ុន្តែ៥ឆ្នាំក្រោយមក ស្រាប់តែអាមេរិកបានដោះដៃចេញពីកម្ពុជាដោយទុកឲ្យរបបខ្មែរក្រហមវាយដណ្តើមយកជ័យជំនៈលើរបប លន់ នល់ ហើយបានចូលកាន់កាប់អំណាចនៅថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥។ រូបភាពប្រទេសកម្ពុជា នៅពេលនោះគឺដូចគ្នាបេះបិតនឹងអ្វីដែលបាន និងកំពុងកើតមាននៅអាហ្វហ្គានីស្ថាននាពេលនេះដែរ។ ពួក ប៉ុល ពត បានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជាងពីរលាននាក់ក្រោមក្រសែភ្នែកមិនអើពើរបស់សហគមន៍អន្តរជាតិ។ ជាភ័ព្វសំណាង ប្រជាពលរដ្ឋខ្មែរបានរួចរស់ជីវិត និងបានស្គាល់សុខសន្តិភាពដូចបច្ចុប្បន្ន ដោយសារចលនារណសិរ្ស ២ធ្នូ ១៩៧៨ និងជ័យជំនៈ ៧ មករា ១៩៧៩ កុំអីខ្មែរ ប្រហែលជាដាច់ពូជពីភពផែនដីបាត់ទៅហើយ។

    ឥឡូវនេះ កន្លះសតវត្សរ៍ក្រោយមក រូបភាពដូចគ្នានេះក៏បាន និងកំពុងកើតឡើងវីញជាថ្មីនៅលើទឹកដីអាហ្វហ្គានីស្ថាន។ ក្រោមហេតុផលនៃការតាមប្រម៉ាញ់បណ្តាញភេរវជន និងផ្តួលរំលំរបបផ្តាច់ការ សហរដ្ឋអាមេរិកក៏បានលើកទ័ពធ្វើសង្គ្រាមចូលលុកលុយប្រទេសអាហ្គានីស្ថាន កាលពីឆ្នាំ២០០១ ដោយបានផ្តួលរំលំរបបតាលីបង់ ហើយបានបង្កើតរបបដឹកនាំថ្មីមួយដែលខ្លួនគិតថាមានប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ប៉ុន្តែ រយៈពេល២០ឆ្នាំនៃការកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិក មិនបានកសាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជូនប្រទេសនេះដូចដែលខ្លួនបានអះអាងនោះឡើយ។ សូម្បីតែការអភិវឌ្ឍន៍ប្រទេសនេះក៏អាមេរិកមិនបានអើពើដែរ។ ២០ឆ្នាំក្រោយមក ដោយយល់ឃើញថា ខ្លួនគ្មានលុយសម្រាប់ចំណាយទៅលើសង្គ្រាមនេះទៀតទេ និងដោយយល់ឃើញថា ប្រទេសនេះគ្មានប្រយោជន៍ទៀតឡើយ អាមេរិកក៏បានដោះដៃចោលអាហ្វហ្គានីស្ថានដោយទុកឲ្យពួកសកម្មប្រយុទ្ធតាលីបង់ វាយលុកចូលកាន់កាប់ជាថ្មី ហើយប្រហែលជាមិនយូរប៉ុន្មានទៀតទេ រដ្ឋាភិបាលទីក្រុងកាប៊ុលដែលបង្កើតឡើងដោយសហរដ្ឋអាមេរិកនឹងដួលរលំ។

    តើប្រជាជនអាហ្វហ្គានីស្ថានបានទទួលអ្វីខ្លះពីរដ្ឋាភិបាលដែលបន្តុបឡើងដោយសហរដ្ឋអាមេរិក? តើឯណាទៅប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅអាហ្វហ្គានីស្ថានបន្ទាប់ពីស្ថិតក្នុងកណ្តាប់ដៃអាមេរិកអស់រយៈពេល ២០ ឆ្នាំ?

    ទាំងនេះគឺជាសំណួរដែល ពិពភលោកទាំងមូលកំពុងចោទសួរ។ សំណួរនេះពិតជាមានអត្ថន័យណាស់សម្រាប់មនុស្សជាតិ នៅលើភពផែនដី ជាពិសេសនៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយរបស់មហាអំណាចដែលបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតែងតែត្រូវបានគេលើកមកធ្វើជាលេសសម្រាប់ធ្វើបាបប្រទេសទន់ខ្សោយ។ ម្យ៉ាងវិញទៀត ប្រសិនបើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ពិតជាតម្លៃស្នូលរបស់សហរដ្ធអាមេរីកដូចការពើងទ្រូងអះអាងមែននោះ គឺអាមេរីកពិតជាមិនដកទ័ព និងបោះបង់ប្រជាជនអាហ្វហ្កានីស្ថានចោលនោះទេ។ ប៉ុន្តែ ការដកទ័ពចេញពីអាហ្គានីស្ថាននេះ គឺអាចថាអាមេរិកកំពុងប្រើយុទ្ធសាស្ត្រ «ព្រួញមួយបាញ់យកចាប៣» ពោលគឺ អាមេរិកកំពុងបង្វែរសមរភូមិទៅទប់ជាមួយរុស្ស៊ីផង ទប់ជាមួយចិនផង និងបំពេញចិត្តពួកអឺរ៉ុបផង។

    ទី១៖ អាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថាន ហើយយកទៅពង្រាយនៅជិតតំបន់ Crimée/Crimea ដើម្បីគំរាម និងទប់រុស្ស៊ីក្នុងករណីរុស្សីវ៉ៃយកប្រទេស៣ នៅតំបន់បាល់ទីក ដែលជាអតីតរដ្ឋចំណុះ អតីតសហភាពសូវៀត ហើយដែលបានផ្តាច់ខ្លួនចេញទាមទារឯករាជ្យមុនគេ។

    ទី២៖ ការដាក់ពង្រាយទ័ពនៅជិតតំបន់ Crimée/Crimea នេះ ក៏អាចនឹងទទួលបាននូវសមានចិត្តខ្លះពីពួកអឺរ៉ុបផងដែរ ពីព្រោះពួកអឺរ៉ុបបារម្ភខ្លាចសង្គ្រាមផ្ទុះម្តងទៀតចេញពីទឹកដីរបស់ខ្លួន។

    ទី៣៖ ការដកទ័ពចេញពីអាហ្វហ្កានីស្ថាន គឺអាមេរិកបានដឹងច្បាស់ណាស់ថា ខ្លួនពិតជាមិនអាចយកឈ្នះសង្គ្រាមលើពួកតាលីបង់នេះបានទេ ហើយម៉្យាងវិញទៀត ពួកតាលីបង់នេះ ក៏ជាអ្នកគាំទ្រពួក Uighur នៅតំបន់ស៊ីនជាំងដែលអាមេរិកកំពុងប្រើប្រាស់ជាលេសដើម្បីចោទប្រកាន់និងប្រឆាំងទីក្រុងប៉េកាំងដែរ។

    ដូច្នេះ ជោគវាសនារបស់ប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជាប្រទេសផ្សេងៗទៀតដែរ មិនមែនជារឿងធំដុំនោះឡើយសម្រាប់សហរដ្ឋ អាមេរិក។

    កម្ពុជា និងវៀតណាមកាលពីអតីតកាល និងអាហ្វហ្គានីស្ថាននាពេលនេះ មិនមែនជាប្រទេសតែ៣គត់ដែលបានទទួលមេរៀនដ៏ជូរចត់បែបនេះនោះទេ។ នៅមានប្រទេសជាច្រើនទៀត ដែលបានភ្លក់រសជាតិនៃការលើកទ័ពវាយលុកចូលពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្រោមហេតុផលផ្តួលរំលំរបបផ្តាច់ការ ហើយនាំមកនូវប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជូនដល់ប្រទេសទាំងនោះ។ ប្រទេសទុយនេហ្ស៊ី, អ៉ីរ៉ាក់, លីប៊ី, ស៊ីរី និងអេហ្សីបសុទ្ធសឹងជាឧទាហរណ៍យ៉ាងជាក់ស្តែងបំផុត ដែលទទួលរងគ្រោះនារយៈពេលចុងក្រោយនេះ។

    ក្រោយការលើកទ័ពឈ្លានពានដោយ ត្រង់ៗ ឬក្រោមការគាំទ្រចលនាបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំ រដ្ឋាភិបាលចាស់ហើយលើកបន្តុបរដ្ឋាភិបាលថ្មី បណ្តាប្រទេសទាំងនោះបានធ្លាក់ចូលក្នុងសភាពយ៉ាប់យឺន និងខ្ទេចខ្ទាំលើសដើម។ វាមិនខុសអ្វីពីសុភាសិតចាស់បូរាណថា «ប្រាក់ក៏បង់ថង់ក៏ដាច់» នោះឡើយ មានន័យថា «ប្រទេសក៏ខ្ទេចខ្ទី រីឯប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក៏គ្មាន» ដែរ។

    ពេលនេះ សំណួរដែលគេផ្តោតការយកចិត្តទុកដាក់បំផុតនោះគឺ តើប្រជាជនអាហ្វហ្គានីស្ថាននឹងមានជោគវាសនាទៅជាយ៉ាងណា? ហើយតើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះសោកនាដកម្មនេះ?

    ដោយផ្អែកលើបទពិសោធន៍ប្រវត្តិសាស្ត្រ ប្រជាជនអាហ្វហ្គានីស្ថាននឹងធ្លាក់ក្នុងសភាពរងទុក្ខវេទនាគ្មានទីបញ្ចប់ ហើយក៏គ្មានអ្នកណា ទទួលខុសត្រូវដែរ។ សហគមន៍អន្តរជាតិបានត្រឹមតែសោកស្តាយ និងបានត្រឹមនិយាយតែមាត់ ប៉ុន្តែក៏មិនអាចជួយអ្វីដល់ប្រជាជន និងប្រទេសអាហ្វហ្គានីស្ថានបានឡើយ។ មានតែប្រជាជនអាហ្វហ្គានីស្ថានខ្លួនឯងប៉ុណ្ណោះដែលជាអ្នកកំណត់ជោគវាសនាខ្លួនដោយខ្លួនឯង។

    តាមរយៈបទពិសោធន៍កាលពីអតីតកាល និងក៏ដូចជាអ្វីដែល ប្រទេសអាហ្វហ្គានីស្ថានកំពុងជួបប្រទះនាពេលនេះ គេអាចទាញ សេចក្តីសន្និដ្ឋានបានយ៉ាងច្បាស់លាស់ថា «អ្នកនយោបាយ និងប្រជាពលរដ្ឋនៃប្រទេសនីមួយៗត្រូវរួមគ្នា ដើម្បីកំណត់ជោគវាសនារបស់ខ្លួនដោយមិនត្រូវធ្វើនយោបាយពឹងផ្អែកលើបរទេសនោះឡើយ»។ «អ្នកនយោបាយ និងមេដឹកនាំដែលឆ្លាតគឺជាអ្នកដែលចេះកសាងមិត្តជាមួយបរទេសគ្រប់ទិសទី ហើយចេះទាញយកប្រយោជន៍ពីបរទេសដើម្បីមកបំប៉នក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិរបស់ខ្លួនតែមិនធ្វើជារណប រឺជាអាយ៉ង កូនអុកបរទេសឡើយ»។ «រីឯអ្នកនយោបាយណាដែលស្ថិតក្រោមខ្សែញាក់របស់បរទេស ហើយតែងតែពឹងបរទេសឲ្យជួយផ្តួលរំលំរដ្ឋាភិបាល បច្ចុប្បន្នដើម្បីលើកបន្តុបខ្លួនជាមេដឹកនាំក្រោមលេស «ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» គឺជាអ្នកនយោបាយដែលអន់បំផុត, ល្ងង់បំផុតនិងមិនបានរៀនសូត្រអ្វីសោះពីប្រវត្តិសាស្ត្រ»។

    នេះជាអ្វីដែលប្រជាពលរដ្ឋខ្មែរត្រូវចងចាំទុកជាមេរៀនប្រវត្តិសាស្ត្រជានិច្ច និងមិនត្រូវភ្លេចខ្លួនឡើយ៕

    ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យកំពង់ចាម

    អត្ថបទទាក់ទង