គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជាទទួលវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ចំនួន​ ៥០ម៉ឺនដូសទៀត ជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ជំហានទី៣

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១​ |
    កម្ពុជាទទួលវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ចំនួន​ ៥០ម៉ឺនដូសទៀត ជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ជំហានទី៣ កម្ពុជាទទួលវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ចំនួន​ ៥០ម៉ឺនដូសទៀត ជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ជំហានទី៣

    ភ្នំពេញ​៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១​នេះ កម្ពុជាបានទទួល​វ៉ាក់សាំងកូវីដ១៩ ប្រភេទស៊ីណូហ្វាម ចំនួន​ ៥០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយ​របស់កងទ័ពរំដោះប្រជាជនចិន​ ជំហានទី៣។

    ពិធីប្រគល់​ និងទទួលវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមចំនួន​ ៥០ម៉ឺនដូសនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព​ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​ និង​ឯកឧត្ដម​ វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

    ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា រដ្ឋាភិបាលចិននឹងបន្តធ្វើជាបង្អែកយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង រួមទាំងសម្ភារៈបរិក្ខាវេជ្ជសាស្ត្រមួយចំនួនទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ដែលជាមិត្តដែកថែបរបស់ខ្លួន។ ឯកឧត្ដម​ ឯកអគ្គរដ្ឋទូតបន្តដែរថា ដរាបណាមេរោគកូវីដ១៩នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានដែរ ពោលបើសន្យាហើយត្រូវតែគោរព ដូចសុភាសិតចិនមួយតែងពោលថា បើនិយាយត្រូវតែធ្វើ បើធ្វើត្រូវតែមានលទ្ធផល។

    ថ្លែងនៅក្នុងពិធីនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ជំនួយវ៉ាក់សាំងរបស់ ប្រជាជន និងរដ្ឋាភិបាលចិនបានផ្តល់ឲ្យកម្ពុជា ជារឿយៗនេះគឺសបញ្ជាក់ឲ្យឃើញថា ជាមិត្តដ៏ល្អ និងបាន ជួយគ្នាក្នុងគ្រាក្រ ខណៈដែលប្រទេសកម្ពុជាកំពុងត្រូវការខ្លាំងនូវវ៉ាក់សាំងការពារមេរោគកូវីដ១៩ ចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួននោះ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងអំណរអគុណចំពោះទឹកចិត្តសប្បុរសធម៌របស់ប្រជាជន និងរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេស គឺជំនួយវ៉ាក់សាំងការពារមេរោគកូវីដ១៩នេះតែម្ដង ដោយរហូតមកដល់ពេលនេះមានជាង ២១លានដូសហើយរួមទាំងជំនួយមនុស្សធម៌ និងតាមការបញ្ជាទិញពីកម្ពុជានោះ។

    សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ពលរដ្ឋបានសរុបចំនួន ៩,៧៩០,៥៨៨នាក់ ស្មើនឹង ៨៧,២៦%  ធៀបជាមួយចំនួនប្រជាជនគោលដៅ  ១០លាននាក់  និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៥០,៣៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

    អត្ថបទទាក់ទង