លោកយាយ លោកតា ៣រូបទៀត ទទួលបានអំណោយសម្ដេចតេជោ ក្រោយចាក់វ៉ាក់សាំងកូវីដ១៩រួច
ភ្នំពេញ៖ ជាការលើកទឹកចិត្ត និងកម្លាំងចិត្ត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ដល់ជូននូវអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់មនុស្សចាស់ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅទូទាំងប្រទេស។
លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបន្តនាំអំណោយសប្បុរសធម៌របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ជាថវិកា ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនលោកតាលោកយាយជាជនជាតិភាគតិច ៣រូប អាយុជាង១០០ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
លោកតា លោកយាយទាំងបីរូបរួមមាន៖
ទី១. លោកយាយ ហ្វឿយ ផាន់ ជនជាតិខ្មែរ-ឡាវ អាយុ១០៥ឆ្នាំ រស់នៅភូមិបាក់កែ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគីរី
ទី២. លោកយាយ ទៀង យ៉ល ជាជនជាតិភាគតិចក្រឹង អាយុ១០២ឆ្នាំ រស់នៅឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគីរី
ទី៣. លោកតា កាយិន តាម៉ង ជាជនជាតិភាគតិចក្រឹង អាយុ១០៤ឆ្នាំ រស់នៅឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគីរី។
នៅថ្ងៃដដែលនេះដែរ លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគីរី ក៏បានអញ្ចើញចូលរួមជាអធិបតីភាពក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី ១៨ឆ្នាំឡើង នៅខេត្តរតនគីរី។